អាហ្វហ្គានីស្ថាន ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា អាជ្ញាធរក្រុង Herat បានឲ្យកាលពីយប់ថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅភាគខាងលិច នៃទីក្រុង Herat និងខេត្តជិតខាង របស់ប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់២.៤៤៥នាក់ហើយ ។
លោក Mawlawi Musa Ashari ប្រធានអាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយជាតិ របស់ខេត្ត Herat បានលើកឡើងថា តំបន់ដែលរងផល ប៉ះពាល់ខ្លាំងជាងគេ គឺស្រុក Zanda Jan ក្នុងទីក្រុង Herat ដែលភូមិចំនួន១៣ត្រូវបាន “បំផ្លាញទាំងស្រុង” ។
នៅព្រឹកថ្ងៃដដែលនេះ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយជាតិ លោក Mullah Janan Shaeq បានឲ្យដឹងថា មនុស្សជា៩.២០០នាក់ បានរងរបួសនៅក្នុងអំឡុង ពេលមានគ្រោះរញ្ជួយដីនេះ ។
មជ្ឈមណ្ឌលបណ្តាញ តាមដានគ្រោះរញ្ជួយដី របស់ប្រទេសចិន បានឲ្យដឹងថា គ្រោះរញ្ជួយដីចំនួន២ដង ដែលមានកម្រិត៦,២រ៉ិចទ័រ បានវាយប្រហារមកលើប្រទេស អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ហើយការរញ្ជួយលើកដំបូង បានកើតឡើងនៅម៉ោងប្រហែល ១១និង១០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០៦និង៤០នាទីម៉ោងសកល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា