ព័ត៌មានអន្តរជាតិ

មីយ៉ាន់ ចាប់ផ្តើមជម្លៀសពលរដ្ឋរាប់ពាន់នាក់ ចេញពីកន្លែងរងគ្រោះដោយទឹកជំនន់

AFP

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ មន្ត្រីម្នាក់បានប្រាប់ឲ្យដឹងថា មានមនុស្សសរុបចំនួន៥.៦៤៨នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារមកលើតំបន់ ស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ។


លោក U Thaung Shwe នាយកនៃក្រសួងសុខុមាលភាពសង្គម សង្គ្រោះ និងតាំងទីលំនៅថ្មី នៅតំបន់ Bago បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ អ្នកជម្លៀសត្រូវបានផ្លាស់ប្តូរទៅកាន់ជំរុំសង្គ្រោះទឹកជំនន់ចំនួន១៧ទីតាំង ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅឡើយ ។

លោក U Than Tun Oo អនុប្រធាននាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា ប្រចាំតំបន់ Bago លើកឡើងថា “ទន្លេ Bago បានឡើងលើសកម្រិតទឹក ខ្លាំងបំផុតចាប់តាំងពីម៉ោង៤ព្រឹកម៉ោងក្នុងស្រុក ហើយប្រតិបត្តិការជួយ សង្គ្រោះបានចាប់ផ្តើមនៅម៉ោងប្រហែល៦ព្រឹកម៉ោងក្នុងស្រុក” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top