អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគី ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើផ្នែករបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន និងកាត់បន្ថយភាពតានតឹង ដែលកំពុងកើនឡើង។
លោក Erdogan បានឲ្យដឹងនៅក្នុងពិធីសម្ពោធព្រះវិហារគ្រិស្តអូស្សូដក់ស៊ីរីក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា “តួកគី ត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកាត់បន្ថយភាពតានតឹង ដែលបានកើនឡើងជាមួយនឹងឧប្បត្តិហេតុថ្មីៗនេះ”។
លោកបានលើកឡើងថា ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺជាឫសគល់នៃបញ្ហានៅក្នុងតំបន់ ហើយសន្តិភាពយូរអង្វែង គឺអាចធ្វើទៅបានតាមរយៈការដោះស្រាយចុងក្រោយ។
លោកបានបន្ថែមថា “យើងប្តេជ្ញាចិត្តក្នុងការពង្រឹង និងបន្តកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង ដើម្បីស្តារភាពស្ងប់ស្ងាត់ឡើងវិញ” ដោយបានជំរុញឱ្យភាគីជម្លោះ ដើម្បីចៀសវាងការចាត់វិធានការ ដែលនឹងធ្វើឱ្យភាពតានតឹងកាន់តែកើនឡើង និងធ្វើឱ្យបញ្ហាកាន់តែស៊ីជម្រៅ។
លោកបានបញ្ជាក់ថា បញ្ហាត្រូវតែត្រូវបានដោះស្រាយដោយអនុលោមតាមច្បាប់អន្តរជាតិ ដូច្នេះតំបន់អាចទទួលបានសន្តិភាព និងស្ថិរភាពយូរអង្វែង៕
ប្រែសម្រួល ឈូក បូរ៉ា