បរទេស ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃចន្ទម្សិលមិញថា សព្វាវុធដែលពួកអ្នកគាំទ្រ លោកខាងលិច បានផ្គត់ផ្គង់យ៉ាងសកម្ម ដល់អ៊ុយក្រែន បានរកឃើញផ្លូវរបស់ពួកគេ ទៅកាន់ពួកសកម្ម ប្រយុទ្ធហាម៉ាស ហើយឥឡូវនេះ ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ក្នុងប្រទេសអ៊ីស្រាអែលទៅវិញ ។
យោងតាមការដកស្រង់ និងចេញផ្សាយដោយ RT លោក Medvedev បានព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ នៅទីនោះហើយព្យាករណ៍ថា ពិភពលោកគួរតែ រំពឹងថា នឹងមានមីស៊ីល រថក្រោះ និងសូម្បីតែយន្តហោះពីទីក្រុងគៀវ នៅលើទីផ្សារងងឹត ក្នុងពេលឆាប់ៗនេះទៀតផង ។
សេចក្តីថ្លែងការណ៍ របស់គាត់បានកើតឡើងចំពេល មានពាក្យ ចចាមអារ៉ាមថា ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបបានទទួលបានអាវុធមួយចំនួន ដែលផលិតដោយសហរដ្ឋអាមេរិក មុនពេលការវាយប្រហារ របស់ពួកគេលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍ ។
រហូតមកទល់ពេលនេះ គ្មានភ័ស្តុតាងច្បាស់ លាស់ណានៅឡើយបញ្ជាក់ពីការអះអាងទាំងនេះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូដែលមិន មានការបញ្ជាក់មួយ ដែលកំពុងចរាចរលើបណ្តាញអ៊ីនធឺណែត បានបង្ហាញពីក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន បង្ហាញបំណែកអាវុធជាច្រើន ដែលផលិត ដោយសហរដ្ឋអាមេរិក រួមទាំងឧបករណ៍បាញ់គ្រាប់បែកដៃ ប្រឆាំងរថក្រោះ M136 ស្តង់ដារជាដើម ៕
ប្រែសម្រួល៖ស៊ុនលី