ព័ត៌មានអន្តរជាតិ

របបយោធាមីយ៉ាន់ម៉ា បើកការវាយប្រហារផ្លូវអាកាស លើជំរុំជនភៀសខ្លួន សម្លាប់មនុស្សជិត ៣០នាក់

រូបភាពពី៖​ KYODO

រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យមកពីកងជីវពលជនជាតិភាគតិចក្នុងរដ្ឋនេះថា ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា ទៅលើជំរុំជនភៀសខ្លួននៅភាគខាងជើងនៃរដ្ឋកាឈីន កាលពីយប់ថ្ងៃច័ន្ទបានសម្លាប់មនុស្សយ៉ាងតិច ២៩នាក់រួមទាំងកុមារ និងជាង ៥០នាក់រងរបួស។

អ្នកនាំពាក្យនៃកងទ័ពឯករាជ្យកាឈីន ដែលគ្រប់គ្រងតំបន់ដែលជំរំនេះ បានឲ្យដឹងថា ប្រហែល ១០ នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងជំរុំសម្រាប់ជនភៀសខ្លួនខាងក្នុងគឺជាកុមារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

របាយការណ៍បានឲ្យដឹងថា យន្តហោះដ្រូន ឬយន្តហោះរបស់យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន ដែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីទីស្នាក់ការកណ្តាលរបស់ KIA ។

អ្នកនាំពាក្យយោធាលោក Zaw Min Tun កាលពីថ្ងៃអង្គារ បានបដិសេធថាគ្រាប់បែកមិនត្រូវបានទម្លាក់ដោយថា ការផ្ទុះទំនងជាបណ្តាលមកពី KIA នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការប្រយុទ្ធគ្នារវាងយោធា ដែលកំពុងកាន់អំណាច និងកងជីវពលជនជាតិភាគតិច ក៏ដូចជាកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានរុញច្រានប្រជាជនចំនួន ១,៦ លាននាក់ចេញពីផ្ទះរបស់ពួកគេ ដោយទុកឱ្យពួកគេផ្លាស់ទីលំនៅខាងក្នុង នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top