ព័ត៌មានអន្តរជាតិ

ជប៉ុន ផ្ដល់ការធានាសុវត្ថិភាព ពលរដ្ឋរបស់ខ្លួន ចំពេលមានជម្លោះនៅអ៊ីស្រាអែល

រូបភាពពី៖​ KYODO

តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពដល់ប្រជាជាតិរបស់ខ្លួន ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងពីការវាយប្រហារទ្រង់ទ្រាយធំដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងការវាយប្រហារសងសឹកពីកងកម្លាំងការពារអ៊ីស្រាអែល។

ប្រមុខខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួយថា រដ្ឋាភិបាល មិនបានទទួលរបាយការណ៍ណាមួយអំពីការស្លាប់ និងរបួសដល់ប្រជាជនជប៉ុនចាប់តាំងពីការផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃថ្មីៗនេះនៅឡើយទេ។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹងថា នៅមាន “ជនជាតិជប៉ុនមួយចំនួនតូច” ដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ខណៈបន្ថែមថា ខ្លួនបានទាក់ទងជាមួយពួកគេទាំងអស់។

ការ​លើក​ឡើង​របស់​លោក Matsuno កើត​មាន​ឡើង​ខណៈ​មនុស្ស​ជាង ១០០នាក់ រួម​ទាំង​ជន​បរទេស​ផង​ដែរ ត្រូវ​បាន​ក្រុម​យុទ្ធជន​ហាម៉ាស់​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង។

លោក Matsuno បានលើកឡើងថា ប្រទេសជប៉ុនថ្កោលទោសយ៉ាងខ្លាំង ការវាយប្រហារដោយក្រុមហាម៉ាស់ និងការចាប់ពង្រត់ពលរដ្ឋស្លូតត្រង់ ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ “មិនសមហេតុផល” ដោយមិនគិតពីគោលបំណងអ្វីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top