ព័ត៌មានអន្តរជាតិ

EU​ ទទួលស្គាល់ថា សកម្មភាពខ្លះ របស់អ៊ីស្រាអែល គឺប្រឆាំង នឹងច្បាប់អន្តរជាតិ

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្នងការគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែការសម្រេចចិត្តមួយចំនួន ដែលរដ្ឋាភិបាលរបស់ខ្លួន បានធ្វើគឺផ្ទុយនឹងច្បាប់ មនុស្សធម៌អន្តរជាតិ ។

លោក Borrell បាននិយាយនៅក្នុងប្រទេសអូម៉ង់ ជាកន្លែងដែលគាត់បានចូលរួមកិច្ចប្រជុំរួម របស់រដ្ឋមន្ត្រីការបរទេសមកពី EU និងក្រុមប្រឹក្សា សហប្រតិបត្តិការ ឈូងសមុទ្រថា ៖ ប្រាកដណាស់ប្រទេសអ៊ីស្រាអែល​ មាន​សិទ្ធិ​ការពារ ប៉ុន្តែ​វា​ត្រូវ​តែ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិហើយការសម្រេចចិត្តមួយចំនួន គឺផ្ទុយនឹងច្បាប់អន្តរជាតិនេះ។

លោក Borrell បានកត់សម្គាល់ថា ទាំងសហភាពអឺរ៉ុប និង GCC បានថ្កោលទោសការវាយប្រហារ ភេរវកម្មដោយក្រុមហាម៉ាស ប៉ុន្តែក៏បានថ្កោលទោស រាល់ការវាយប្រហារលើជនស៊ីវិល ទាមទារឱ្យមានការដោះលែង ចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងបានអំពាវនាវឱ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ និងមិនរារាំងការដឹកជញ្ជូនអាហារ ទឹក ឬ អគ្គិសនីដល់ប្រជាជនស៊ីវិល នៅហ្គាហ្សានោះផងដែរ ។

ប្លុកទាំងពីរដដែលនេះ ក៏បានស្នើឱ្យអ៊ីស្រាអែល បើកច្រករបៀងមនុស្សធម៌ ពីហ្គាហ្សាទៅអេហ្ស៊ីប ដូច្នេះជនស៊ីវិលអាចចាកចេញពីទឹកដីនេះ មុនពេលការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល កើតឡើងសាជាថ្មី៕

ប្រែសម្រួល៖ស៊ុនលី

To Top