បរទេស ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Tel Aviv បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា ពលរដ្ឋរុស្ស៊ី ៤នាក់ត្រូវបានសម្លាប់ និង៦នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីជម្លោះរយៈពេលបីថ្ងៃ រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។
យោងតាមការចេញផ្សាយរបស់ RT តួលេខនេះត្រូវបានគេធ្វើបច្ចុប្បន្នភាពហើយវា គឺមានការកើនឡើងពីរបាយការណ៍ក្រៅផ្លូវការ កាលពីល្ងាចថ្ងៃចន្ទ ដែលបង្ហាញថាមានជនជាតិរុស្ស៊ីម្នាក់ស្លាប់ និង៤នាក់បាត់ខ្លួន ។
ក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងភាគច្រើននៃតំបន់ហ្គាហ្សា បានបើកដំណើរការ ប្រតិបត្តិការយ៉ាងខ្លាំង កាលពីថ្ងៃសៅរ៍ ដោយបានបាញ់រ៉ុក្កែត និងបញ្ជូនកងកុម្ម៉ង់ដូចូលជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល។
គួរឲ្យដឹងដែរថា ក្នុងចំណោមគោលដៅដំបូង របស់ក្រុមសកម្មប្រយុទ្ធគឺពិធីបុណ្យ Nova ដែលជាការប្រារព្ធឡើងនៅវាលខ្សាច់ខាងក្រៅតំបន់ Gaza។ ជនបរទេស ឬជនជាតិពីរជាច្រើននាក់ នៅក្នុងពិធីបុណ្យនេះត្រូវបានសម្លាប់ ឬចាប់ជាឈ្លើយ៕
ប្រែសម្រួល៖ស៊ុនលី