ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតកំពូលជប៉ុន និងវៀតណាម ប្តេជ្ញាអនុវត្តឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ

ប្រភព ៖ Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងវៀតណាម បានអះអាង​ថា ប្រទេសរបស់ពួកគេ គឺជាដៃគូដ៏សំខាន់ក្នុងការសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យដែលគាំទ្រដោយទីក្រុងតូក្យូ ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

នៅក្នុងជំនួបនៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងសមភាគីវៀតណាមលោក Bui Thanh Son បានព្រមព្រៀងគ្នាធ្វើការរួមគ្នា ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

កិច្ចពិភាក្សានេះបានធ្វើឡើងនៅពេលដែលចំណងមិត្តភាពចិន-ជប៉ុន បានបែកបាក់គ្នាជុំវិញប្រជុំកោះសេនកាគូ ដែលទាមទារដោយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងកើត។ ទន្ទឹមនឹងនោះ វៀតណាម កាន់តែមានការប្រុងប្រយ័ត្ន ចំពោះការពង្រីកសកម្មភាពយោធា និងការទាមទារទឹកដីរបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។

ក្រសួងបានឲ្យដឹងថា ជាមួយនឹងឆ្នាំនេះជាការរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងជប៉ុន-វៀតណាម លោកស្រី Kamikawa និងលោក Son ក៏បានសន្យាជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យសេដ្ឋកិច្ចផងដែរ។

កាល​ពី​ថ្ងៃ​ចន្ទលោកស្រី Kamikawa បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រ៊ុយណេ ហើយ​បាន​ជួប​ជាមួយ​សមភាគី​របស់​លោកស្រី Erywan Yusof។ ក្រសួងការបរទេស​ជប៉ុន​បានឲ្យដឹង​ថា ពួកគេ​បាន​បញ្ជាក់​ថា ​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ក្នុង​វិស័យ ​ដូច​ជា​ថាមពល បម្រែបម្រួល​អាកាសធាតុ និង​សន្តិសុខ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top