ព័ត៌មានអន្តរជាតិ

​​អាមេរិក អះអាងថា នៅតែ​​មាន​សមត្ថភាព ​ផ្តោត​លើ​តំបន់​អាស៊ី​ បើ​ទោះ​ជាកំពុងមាន​សង្គ្រាម ​អ៊ីស្រាអែល ​និង​ក្រុម​ហាម៉ាស​ក៏​ដោយ

ប្រភព ៖ Kyodo

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា សង្រ្គាមចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងមិនរំខានសហរដ្ឋអាមេរិក ពីការជាប់ពាក់ព័ន្ធក្នុងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិកនោះទេ នៅពេលដែលការវាយប្រហារបង្ហូរឈាមបំផុតលើរដ្ឋជ្វីហ្វក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ធ្វើឱ្យមានការសង្ស័យអំពីសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដោយរក្សាប្រទេសចិន ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក មានលទ្ធភាពផ្តល់ជំនួយដល់អ៊ីស្រាអែល ខណៈពេលដែលបន្តការគាំទ្រ សម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់អាស៊ី ក៏ដូចជាសម្រាប់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។

លោក Sullivan បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងជឿជាក់ថា យើងមានធនធាន ឧបករណ៍ និងសមត្ថភាព ដើម្បីអាចធ្វើដូច្នេះ ប្រកបដោយប្រសិទ្ធភាព ហើយផ្នែកមួយនៃការងាររបស់យើង គឺដើម្បីធានាថា យើងកំពុងធ្វើការ​ទាំងអស់ក្នុងពេលតែមួយ ហើយនោះជាអ្វី ដែលយើងកំពុងធ្វើជារៀងរាល់ថ្ងៃ”។

លោកបានធ្វើអត្ថាធិប្បាយ នៅពេលត្រូវបានសួរថាតើសង្រ្គាមដែលផ្ទុះឡើងជាមួយនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍នឹងធ្វើឱ្យមានការលំបាកបន្ថែមទៀត សម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ដើម្បីរក្សាការប្តេជ្ញាចិត្ត ចំពោះអ៊ុយក្រែន និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសចិន បាននិងកំពុងកើនឡើង​ និងបង្ហាញពីកម្លាំងយោធារបស់ខ្លួន។

ការវាយប្រហារដោយក្រុមហាម៉ាស ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងបង្កឱ្យមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយថ្មី ដែលបង្ហាញពីបញ្ហាប្រឈមដ៏ធំ សម្រាប់លោក បៃដិន ដែលកំពុងស្វែងរកការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ ។

ខណៈពេលដែលគណបក្សសាធារណរដ្ឋមួយចំនួន របស់សហរដ្ឋអាមេរិក និងអ្នករិះគន់រដ្ឋបាលលោក បៃដិន បានចាប់ផ្តើមប្រកែកថា សហរដ្ឋអាមេរិក មិនអាចផ្តល់ការគាំទ្រក្នុងពេលដំណាលគ្នានៅក្នុងសង្គ្រាម ពីរដាច់ដោយឡែកពីគ្នានោះលោក Sullivan បាននិយាយថា “យើងបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការយល់ឃើញបែបនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top