យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាសរបស់ខ្លួន នៅថ្ងៃអង្គារលើតំបន់ ហ្គាហ្សា ស្ទ្រីព និងបានពង្រឹងកងកម្លាំង របស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលជាថ្ងៃទីបួននៃការប៉ះទង្គិចខ្លាំង បំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
ជាការសងសឹក ក្រុមហាម៉ាស បានបើកការរារាំងដោយគ្រាប់រ៉ុក្កែត សំដៅលើភាគកណ្តាលអ៊ីស្រាអែល រួមទាំងក្រុង Tel Aviv ផងដែរ។ កន្លែងកម្សាន្ត និងហាងជាច្រើននៅក្នុងទីក្រុង Tel Aviv បានបិទទ្វារចាប់តាំងពីជម្លោះបានចាប់ផ្តើម។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានរាយការណ៍ថា IDF បានគ្រប់គ្រងឡើងវិញ លើតំបន់ភាគខាងត្បូងភាគច្រើន ដែលត្រូវបានជ្រៀតចូល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេល ការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
ទោះជាយ៉ាងណា ការប៉ះទង្គិចគ្នានៅតែបន្ត។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ប្រដាប់អាវុធនៅតែបន្តជ្រៀត ចូលអ៊ីស្រាអែល។ IDF បានបញ្ជាក់ថា ជនសកម្មប្រយុទ្ធប៉ាឡេស្ទីន ពីរនាក់ ដែលជាក់ស្តែង បានឆ្លងចូលទៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃសៅរ៍ និងកំពុងលាក់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាមួយ។ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ៤ នាក់ក៏បានជ្រៀតព្រំដែន ភាគខាងត្បូងរបស់អ៊ីស្រាអែល ហើយក៏ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយ។
នៅក្នុងនោះដែរ ក្រសួងអប់រំរបស់អ៊ីស្រាអែល បានប្រកាសថា សាលារៀននៅទូទាំងប្រទេស ដែលត្រូវបានបិទចាប់តាំងពី ការចាប់ផ្តើមនៃជម្លោះនឹង នៅតែបិទនៅថ្ងៃពុធនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
