ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងធ្វើការឈ្លានពាន ពហុភាគី ប្រឆាំងនឹងវេណេស៊ុយអេឡា

រូបភាព៖ Afp

ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសលោក Yvan Gil បានឲ្យដឹងនៅឯគណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា សហរដ្ឋអាមេរិក កំពុងធ្វើ “ការឈ្លានពានពហុភាគី” ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។

លោក Gil បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅឯ សម័យប្រជុំលើកទី១៣៩ របស់គណៈកម្មាធិការថា “វ៉េណេស៊ុយអេឡា បន្តស្ថិតនៅក្រោមការគំរាមកំហែង ឥតឈប់ឈរពីមហាអំណាច បរទេស ដែលស្វែងរកការរំលោភបំពាន លើប្រទេសរបស់យើង” ។

លោកបានលើកឡើងថា សកម្មភាពរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេស នៅអាមេរិកខាងត្បូង បានជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិរបស់ប្រជាជនរបស់ខ្លួន។

លោកបន្ដថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានអនុម័តវិធានការ “រឹតត្បិត ឬដាក់ទណ្ឌកម្ម” ជាង ៩៣០ ប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានព្រមានថា វិធានការទាំងនេះ បានកាត់បន្ថយយ៉ាងខ្លាំង នូវសមត្ថភាពរបស់រដ្ឋ ក្នុងការទទួលបានធនធាន និងសេវាកម្មចាំបាច់ ដើម្បីបំពេញតម្រូវការយ៉ាងពេញលេញ របស់ប្រជាជនវេណេស៊ុយអេឡា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top