ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​អូស្ត្រាលី ​បញ្ជាក់​ពី​ការ​ស្លាប់ ​របស់​ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេស​អ៊ីស្រាអែល

AFP

កង់បេរ៉ា៖ រដ្ឋាភិបាល​អូស្ត្រាលី ​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ពលរដ្ឋ​ម្នាក់ ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេស Penny Wong និង Clare O’Neil រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង បានឲ្យដឹងនៅថ្ងៃពុធនេះថា សាកសពរបស់លោកស្រី Galit Carbone អាយុ ៦៦ឆ្នាំកើតនៅទីក្រុងស៊ីដនី ត្រូវបានរកឃើញចម្ងាយ ប៉ុន្មានម៉ែត្រពីផ្ទះរបស់លោកស្រីនៅ Be’eri kibbutz ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីព្រំដែនតំបន់ហ្គាហ្សា។

លោក Wong បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលអូស្ត្រាលី បានទទួលការបញ្ជាក់អំពីការស្លាប់ ដ៏សោកនាដកម្មនៃស្លាប់របស់លោកស្រី Galit Carbone” ។

យោងតាមទិន្នន័យពីនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) មានពលរដ្ឋអូស្ត្រាលី រហូតដល់ ១២០០០ នាក់រស់នៅក្នុងប្រទេសអ៊ីស្រាអែល។

ថ្លែងតាមទូរទស្សន៍ Seven Network កាលពីថ្ងៃពុធ លោក O’Neil បានឲ្យដឹងថា រដ្ឋាភិបាល កំពុងស្វែងរកជម្រើស សម្រាប់ជើងហោះហើរជួយសង្គ្រោះ សម្រាប់ប្រជាជនអូស្ត្រាលី ដែលចង់ចាកចេញពីតំបន់នេះ ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងដោយលោក Wong និង DFAT ។

លោក Wong បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីយប់ថ្ងៃអង្គារថា ប្រជាជនអូស្ត្រាលី នៅអ៊ីស្រាអែល មិនគួររង់ចាំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដែលដំណើរការដោយរដ្ឋាភិបាលនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top