ព័ត៌មានអន្តរជាតិ

ន័រវេស ប្រាប់ពលរដ្ឋខ្លួន ឱ្យបង់ប្រាក់សម្រាប់យន្តហោះដែលចាកចេញពីប្រទេសអ៊ីស្រាអែល

រូបភាពពី៖​ AFP

បរទេស៖ ក្រសួងការបរទេសន័រវេស កាលពីថ្ងៃពុធបានប្រកាសថា ខ្លួននឹងអនុវត្តជើងហោះហើរជម្លៀសចេញពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Oslo សម្រាប់ពលរដ្ឋរបស់ខ្លួន និងប្រជាជននៃប្រទេសតំបន់ Nordic ផ្សេងទៀត។ យោងតាមសេចក្តីថ្លែងការណ៍ អ្នកដែលជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល នឹងអាចចាកចេញពីប្រទេសនេះតាមជើងហោះហើរ ប្រសិនបើពួកគេបង់ថ្លៃដឹកជញ្ជូនមួយផ្នែក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស Anniken Huitfeldt បាននិយាយថា យើងបានធ្វើការលើដំណោះស្រាយនេះជាមួយក្រុមហ៊ុន Norwegian Air ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកត់សម្គាល់ថា ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន “មានភាពប្រែប្រួលខ្លាំង” ដែលធ្វើឱ្យវាពិបាកក្នុងការចាកចេញពីតំបន់។

លោកស្រីថា “យើងកំពុងបញ្ជូនយន្តហោះន័រវេសទៅកាន់ទីក្រុង Tel Aviv នៅថ្ងៃនេះ ដើម្បីនាំពលរដ្ឋន័រវេសមកផ្ទះវិញ។

ដូចដែលមន្ត្រីបានលើកឡើងនោះ ពលរដ្ឋន័រវេសដែល “ចង់ចាប់យកឱកាសចាកចេញនេះ” តម្រូវឱ្យផ្ញើអ៊ីមែលទៅក្រសួង និង “បង់ថ្លៃលើថ្លៃដឹកជញ្ជូនមួយចំនួន”។

សេចក្តីថ្លែងការណ៍ក៏បានលើកឡើងផងដែរថា ជើងហោះហើរជម្លៀសនេះនឹងដំណើរការ “បន្ថែមលើជើងហោះហើរដែលបានកំណត់ពេល ដែលនៅតែចាកចេញពីអ៊ីស្រាអែល”។ ទោះជាយ៉ាងណាក៏ដោយ អ្នកទេសចរណ័រវេសមួយចំនួនដែលជាប់ក្នុងការកើនឡើងនៃជម្លោះ Gaza បានត្អូញត្អែរនៅលើបណ្តាញសង្គមថា ពួកគេមិនអាចចាកចេញពីប្រទេសអ៊ីស្រាអែលបាន ដោយសារតែការលុបចោលជើងហោះហើរទៀងទាត់៕ ប្រែសម្រួលៈ ណៃ តុលា

To Top