ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល ចេញបញ្ជាឱ្យជម្លៀសមនុស្ស រហូតដល់ជាង១លាននាក់ ចេញពីទីក្រុង ហ្គាហ្សា ក្នុងពេល២៤ម៉ោង ជាបន្ទាន់

AFP

បរទេស៖ យោធាអ៊ីស្រាអែល បានជំរុញឱ្យមនុស្សជាង ១លាននាក់ ចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង ហ្គាហ្សា ហើយផ្លាស់ទីលំនៅទៅភាគខាងត្បូងជាបន្ទាន់ ដែលនេះជាទង្វើមួយដែលអង្គការសហប្រជាជាតិបាននិយាយថា នឹងបង្កឱ្យមាន “ផលវិបាកមនុស្សធម៌ដ៏មហន្តរាយ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញបញ្ជាជម្លៀសដោយហៅបទបញ្ជានេះថា ជា “ជំហានមនុស្សធម៌” ។ IDF មិន​បាន​និយាយ​ពី​កាល​កំណត់​ជាក់លាក់​ណា​មួយ​ឡើយ ដោយ​អ្នក​នាំ​ពាក្យ​បាន​ទទួល​ស្គាល់​ថា​ វា​នឹង​ត្រូវ​ការ​ពេល​ខ្លះ។

យោធាបាននិយាយនៅក្នុងបណ្តាញសង្គម X ថា “IDF អំពាវនាវឱ្យប្រជាជនទាំងអស់នៃទីក្រុង ហ្គាហ្សា ជម្លៀសចេញពីផ្ទះរបស់ពួកគេដោយ ផ្លាស់ទីទៅភាគខាងត្បូងសម្រាប់ការការពារខ្លួន និងទៅតាំងទីលំនៅក្នុងតំបន់ភាគខាងត្បូងនៃទន្លេ ហ្គាហ្សា” ។ “ការជម្លៀសនេះគឺសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក។ គេនឹង​អាច​ត្រឡប់​ទៅទីក្រុង ហ្គាហ្សា វិញ​បាន​លុះត្រា​តែ​មាន​ការ​ជូន​ដំណឹង​បញ្ជាក់​ពី​រឿង​នេះ»

ចំណែកការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខនៅហ្គាហ្សា (OCHA oPt) ត្រូវបានជូនដំណឹងនៅមុនពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកថា “ប្រជាជនទាំងមូលនៃតំបន់ហ្គាហ្សាភាគខាងជើងនៃវ៉ាឌីហ្គាហ្សាគួរតែផ្លាស់ទីលំនៅទៅភាគខាងត្បូងហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ នេះបើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅព្រឹកថ្ងៃសុក្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top