ព័ត៌មានអន្តរជាតិ

ជប៉ុន និង​ថៃ ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច

Kyodo

តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន និងថៃ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីការបរទេសលោកស្រី Yoko Kamikawa បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីថៃលោក Parnpree Bahiddha-Nukara នៅទីក្រុងបាងកកថា ប្រទេសជប៉ុននឹងសហការជាមួយប្រទេសថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ទាប់ពីជនជាតិថៃ ត្រូវបានចាប់ខ្លួននៅក្នុងអំពើហិង្សា។

វាជាកិច្ចពិភាក្សាលើកដំបូងរបស់ពួកគេ ចាប់តាំងពីលោកស្រី Kamikawa ចូលកាន់តំណែងក្នុងខែកញ្ញា ខណៈដែលលោក Parnpree ដែលឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីបានឡើងកាន់តំណែង បន្ទាប់ពីលោក ស្រ្តេតថា ថាវិនស៊ីន ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក្នុងខែដដែលនោះ។

រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសថៃដោយផ្អែកលើផែនការសកម្មភាពរួមគ្នារយៈពេល ៥ឆ្នាំដែលបានអនុម័តកាលពីឆ្នាំមុន ដែលមានចាប់ពីពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក រហូតដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

នៅដើមដំបូងនៃកិច្ចពិភាក្សាដែលបើកចំហចំពោះប្រព័ន្ធផ្សព្វផ្សាយលោកស្រី Kamikawa បានសម្តែងការរំលែកទុក្ខរបស់លោកស្រី ចំពោះការស្លាប់របស់ជនជាតិថៃ ក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស កាលពីចុងសប្តាហ៍មុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top