បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយកាលពីថ្ងៃសុក្រថា អ្នកថតវីដេអូរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសលីបង់។ ចំណែក អ្នកកាសែត៦នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍វាយប្រហារនោះដែរ។ ប្រភពពីសារព័ត៌មាន Al Jazeera និងពីផ្នែកសន្តិសុខលីបង់បាននិយាយថា ក្រុមអ្នកសារព័ត៌មានត្រូវបានវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងថាអ្នកថតវីដេអូរបស់យើង Issam Abdallah ត្រូវបានសម្លាប់”។Abdallah កំពុងផ្តល់វីដេអូបន្តផ្ទាល់ពីក្បែរព្រំដែនអ៊ីស្រាអែល នៅមុនពេលគាត់ស្លាប់ ដោយភ្នាក់ងារបានបន្តដោយបន្ថែមថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែមជាបន្ទាន់ពីអាជ្ញាធរក្នុងតំបន់។
អ្នកកាសែត Reuters ឈ្មោះ Thaier Al-Sudani និង Maher Nazeh បានរងរបួសក្នុងឧប្បត្តិហេតុដូចគ្នានេះ ខណៈដែល Elie Brakhya របស់សារព័ត៌មាន Al Jazeera និង Carmen Joukhadar និង Christina Assi របស់ទីភ្នាក់ងារសារព័ត៌មាន France-Presse និង Dylan Collins ក៏រងរបួសផងដែរ។ វាមិនច្បាស់ទេថាតើអ្នកទាំងប្រាំមួយនាក់ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងដូចគ្នា ឬដោយគ្រាប់ផ្លោងផ្សេងគ្នា។
ប្រភពសន្តិសុខលីបង់បានប្រាប់ AFP ថា កងកម្លាំងអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ហើយ Al Jazeera បានស្តីបន្ទោសឧប្បត្តិហេតុលើ “ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល” ៕
ប្រែសម្រួលៈ ណៃ តុលា