ហ្គហ្សា៖ មន្ត្រីហ្គាហ្សាបានឲ្យដឹងថា ស្ថានីយ៍ថាមពលតែមួយគត់របស់ហ្គាហ្សា បានឈប់ដំណើរការ បន្ទាប់ពីប្រេងឥន្ធនៈ ដែលត្រូវការសម្រាប់ផលិតអគ្គិសនីបានអស់ កាលពីថ្ងៃពុធ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌នៅក្នុងរង្វង់នេះ ខណៈដែលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើងកាន់តែខ្លាំង។អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមាននៅដើមសប្តាហ៍នេះថា “ស្ថានភាពមនុស្សធម៌នៅហ្គាហ្សា មានភាពធ្ងន់ធ្ងរខ្លាំង មុនពេលមានអរិភាពទាំងនេះ ឥឡូវនេះវានឹងកាន់តែយ៉ាប់យ៉ឺនជាលំដាប់” ។
ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើទីក្រុងអ៊ីស្រាអែល ភាគខាងត្បូងដែលនៅជាប់នឹងតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារសងសឹកលើតំបន់ហ្គាហ្សា។
មេបញ្ជាការយោធាក្រុមហាម៉ាស់ លោក Mohammad Deif បានឲ្យដឹងថា ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅនឹងការបិទផ្លូវរបស់អ៊ីស្រាអែលនៃតំបន់ហ្គាហ្សា ការវាយឆ្មក់ជាញឹកញាប់របស់ខ្លួនទៅលើតំបន់ West Bank ក្នុងឆ្នាំកន្លងទៅ ការវាយលុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដែលជាកន្លែងពិសិដ្ឋសម្រាប់ទាំងជនមូស្លីម និងជនជាតិយូដា ក៏ដូចជា ការវាយប្រហាររបស់ពួកអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ទៅលើប៉ាឡេស្ទីន និងការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល។
ជាការឆ្លើយតបនឹងការវាយប្រហារនេះ យោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការ “ដាវដែក” ដោយធ្វើការវាយប្រហារតាមអាកាសរាប់សិបដង ប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប៕