ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោស​អាមេរិក​ ចំពោះ​ការ​ដាក់ពង្រាយ​ទ្រព្យសម្បត្តិ​ យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ នៅឧបទ្វីប​កូរ៉េ

រូបភាព៖ Xinhua

ព្យុងយ៉ាង៖ កូរ៉េខាងជើង បាន​ថ្កោលទោស​សហរដ្ឋអាមេរិក​ចំពោះ​ការ​ដាក់ពង្រាយ​ទ្រព្យសម្បត្តិ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ ជា​បន្តបន្ទាប់​ក្នុង​ឧបទ្វីប​កូរ៉េ ដោយ​បាន​បរិហារ​ទង្វើ​នេះ ​ថា​ជាការ​បង្កហេតុ​ខាង​យោធា ​ដោយ​មិន​លាក់លៀម ដែល​ជំរុញ​ឱ្យ​ស្ថានការណ៍​ក្លាយជា​មហន្តរាយ ​មិនអាច​ដក​វិញ​បាន​។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានចេញផ្សាយការអត្ថាធិប្បាយមួយថ្ងៃ បន្ទាប់ពីនាវាផ្ទុកយន្តហោះ USS Ronald Reagan ដើរដោយថាមពលនុយក្លេអ៊ែរ បានមកដល់កំពង់ផែប៊ូសាន ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីសមយុទ្ធទ័ពជើងទឹកត្រីភាគី ដែលចូលរួមជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

អត្ថបទនេះបានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរនៃស្ថានការណ៍សន្តិសុខ គឺកាន់តែធ្ងន់ធ្ងរឡើងដោយចលនាចុងក្រោយរបស់សហរដ្ឋអាមេរិក ដោយថា ការដាក់ពង្រាយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានបង្ហាញពីគ្រោងការណ៍របស់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងជើង និងការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរបានមកដល់នៅពេលខាង​មុខ។

អត្ថបទបានព្រមានថា គោលលទ្ធិរបស់កូរ៉េខាងជើង ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានអនុញ្ញាតឱ្យប្រទេសនេះ ចាត់វិធានការចាំបាច់ ក្នុងករណី ដែលវាស្ថិតនៅក្រោមការវាយប្រហារនុយក្លេអ៊ែរ ឬវាត្រូវបានគេកំណត់ថា ប្រទេសកំពុងប្រឈមមុខនឹងការវាយប្រហារនុយក្លេអ៊ែរ ដែលជិតមកដល់។

ប្រភពក៏បានបញ្ជាក់ជាថ្មីថា កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងនឹងរារាំងយ៉ាងហ្មត់ចត់ និងវាយបកនូវទង្វើដ៏ឆ្កួតៗរបស់ទីក្រុងវ៉ាស៊ីនតោន និងបក្ខពួករបស់ខ្លួន ដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ នៅលើឧបទ្វីប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top