បរទេស៖ មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី និងកុមារបានរងរបួស និងស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល (IDF) លើក្បួនជម្លៀសខ្លួនចេញពីទីក្រុង ហ្គាហ្ស, នេះបើយោងតាមមន្ត្រីហាម៉ាស។ IDF មិនទាន់ឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ បន្ទាប់ពីបានបញ្ជាឲ្យមនុស្សជាង ១លាននាក់ចាកចេញពីតំបន់ភាគខាងជើងនៃតំបន់ «ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយថា “រថយន្តជាច្រើនគ្រឿងនៃអ្នកជម្លៀសនៅភាគខាងជើងត្រូវបានវាយប្រហារ ដោយបានសម្លាប់មនុស្សជាង ៤០ នាក់ និងរបួស ១៥០ នាក់ផ្សេងទៀត” ដោយដកស្រង់ទិន្នន័យពីមន្ត្រីសុខាភិបាលនៅក្នុងក្រុមហាម៉ាសដែលគ្រប់គ្រងដោយប៉ាឡេស្ទីន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបន្ថែមថា “ឧប្បត្តិហេតុទាំងនេះបានជំរុញឱ្យមនុស្សជាច្រើនបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងជម្លៀសខ្លួនរបស់ពួកគេ ហើយត្រឡប់ទៅផ្ទះវិញ” ខណៈដែល “ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលយ៉ាងខ្លាំងក្លា ពីលើអាកាស សមុទ្រ និងដី បានបន្តស្ទើរតែគ្មានការរំខាន”។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាសបានអះអាងកាលពីថ្ងៃសុក្រថា ការវាយប្រហារតាមអាកាសបានវាយប្រហារលើរថយន្តស៊ីវិលនៅក្នុងទីតាំងចំនួនបីដាច់ដោយឡែកពីគ្នា ដោយបានអះអាងថាបានសម្លាប់មនុស្ស ៧០ នាក់។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Al-Shifa កំពុងព្យាបាល “ជនរងគ្រោះរាប់សិបនាក់” ដែលរងរបួស “ជាលទ្ធផលនៃកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល សំដៅលើពលរដ្ឋដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ” ៕
ប្រែសម្រួលៈ ណៃ តុលា