បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានបង្ហាញ “ភាពឃោឃៅ” និង “សាហាវព្រៃផ្សៃ” ប្រឆាំងនឹងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ លោកបានជំរុញឱ្យភាគីទាំងពីរផ្តល់អាទិភាពដល់ការគិតអំពី “ប្រជាជនស៊ីវិល” ជំនួសវិញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីសន្និសីទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក ពូទីន បានថ្កោលទោសការវាយប្រហារលើអ៊ីស្រាអែល ដោយបានហៅថាជា “អំពើឃោរឃៅ” ពិសេសអំពើដែលបង្ហាញដោយក្រុមហាម៉ាស។
លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយថា “ពិតណាស់ អ៊ីស្រាអែលបានប្រឈមមុខនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយមិនត្រឹមតែក្នុងទ្រង់ទ្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងធម្មជាតិនៃការប្រហារជីវិតរបស់ខ្លួនដោយភាពឃោរឃៅផងដែរ តើខ្ញុំអាចនិយាយអ្វីបាន? យើងត្រូវតែហៅអ្វីដែលពួកគេបានធ្វើ»។
ក្នុងពេលជាមួយគ្នានោះ អ៊ីស្រាអែលបានឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំ “ជាមួយនឹងវិធីសាស្រ្តដ៏ឃោរឃៅ” ដោយលោក ពូទីន បានកត់សម្គាល់ដោយជំរុញឱ្យភាគីទាំងពីរ “គិតអំពីប្រជាជនស៊ីវិល” ទោះបីជា “ភាពជូរចត់ទាំងសងខាង” ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា