ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន៖ សហគមន៍អន្តរជាតិគួរតែដើរតួនាទីជាក់ស្តែងដើម្បីជំរុញឱ្យ ស្ថានការណ៍រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ចុះកម្តៅ

ថ្ងៃទី១២ខែតុលា លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកយកព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍ប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងតួនាទីរបស់ប្រទេសចិន។

លោកWang Wenbinបានថ្លែងថា ភាគីចិនមានការឈឺចិត្តយ៉ាងខ្លាំងចំពោះករណីដែលភាពកាន់តែតានតឹងឡើងនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនាពេលបច្ចុប្បន្នបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងមានការបារម្ភយ៉ាងខ្លាំងចំពោះភាពអាក្រក់ខ្លាំងនៃស្ថានការណ៍សន្តិសុខនិងមនុស្សធម៌របស់ប៉ាឡេស្ទីន ក៏ដូចជាករណីដែលការឡើងកម្តៅនៃការប៉ះទង្គិចបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។


លោកWang Wenbinបានលើកឡើងថា ភារកិច្ចចម្បងនាពេលនេះគឺត្រូវឈប់បាញ់គ្នាភ្លាម ដើម្បីការពារជនស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ឱ្យបានទាន់ពេលវេលាដល់ប្រជាជនប៉ាឡេស្ទីន។

គន្លឹះនៃការបំបែកវដ្ដក៏អាក្រក់នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺត្រូវត្រឡប់ទៅរកមូលដ្ឋាននៃ”ផែនការប្រទេសពីរ” ហើយចាប់ដំណើរការការចរចាសន្តិភាពឡើងវិញ និងបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដើម្បីសម្រេចបាននូវការរួមរស់នៅដោយសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

លោកWang Wenbinបានកត់សម្គាល់ថា ភាគីចិននឹងបន្តរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម និងរួមជាមួយបណ្តាប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ ដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីនប្រកបដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top