បរទេស៖ រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនពលករថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលបានកើនឡើងដល់ ២៨ នាក់ហើយ ខណៈលោកបានប្តេជ្ញាជម្លៀសពលករថៃទាំងអស់ចំនួន ៧.០០០នាក់ ដែលចង់ត្រឡប់ទៅវិញក្នុងខែក្រោយ។
យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Thawee Sodsong បានចូលរួមជាមួយលោក Phiphat ក្នុងការចូលរួមរំលែកទុក្ខដល់គ្រួសារពលករទាំង ២៨នាក់ ដែលបានស្លាប់។ រដ្ឋមន្ត្រីទាំងពីរនាក់នៅសណ្ឋាគារ SC ក្នុងទីក្រុងបាងកក ដោយនិយាយទៅកាន់ក្រុមទី៣នៃកម្មករចំនួន ៩០នាក់ ដែលបានបញ្ជូនត្រឡប់មកប្រទេសវិញ។
លោក Phiphat បានប្រាប់ក្រុមត្រឡប់មកវិញនោះថា ពលករចំនួន ១៣៧ នាក់ផ្សេងទៀតនឹងមកដល់តាមជើងហោះហើរពិសេសនៅព្រឹកថ្ងៃចន្ទ ខណៈខ្លះទៀតនឹងត្រលប់មកវិញដោយខ្លួនឯងក្នុងជើងហោះហើរពាណិជ្ជកម្ម។
ទន្ទឹមនឹងនោះ លោកថា ពលករដែលទិញសំបុត្រដោយខ្លួនឯង ដើម្បីត្រឡប់ទៅប្រទេសថៃ គួរតែបង្ហាញប័ណ្ណឡើងយន្តហោះ ដល់មន្ត្រីការងារ ដើម្បីទាមទារយកថ្លៃធ្វើដំណើរពីរដ្ឋវិញ។
លោកបានបន្តថា រហូតមកដល់ពេលនេះ មានជនជាតិថៃជាង ៧ ពាន់នាក់ហើយដែលបានចុះឈ្មោះជាមួយស្ថានទូតថៃប្រចាំទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ដើម្បីត្រឡប់មកវិញ ប៉ុន្តែមានតែ ២០០ នាក់ប៉ុណ្ណោះដែលអាចត្រឡប់មកវិញក្នុងពេលបច្ចុប្បន្ន។
រដ្ឋាភិបាលបានរៀបចំជើងហោះហើរពិសេសជាមួយក្រុមហ៊ុន Nok Air, AirAsia និង Thai Airways ដើម្បីនាំមនុស្សត្រឡប់មកវិញ។ ក្រុមហ៊ុន Nok Air នឹងផ្តល់យន្តហោះមួយគ្រឿង AirAsia ពីរគ្រឿង និង THAI មួយគ្រឿង ខណៈកងទ័ពអាកាសថៃក៏នឹងបញ្ជូនយន្តហោះផ្សេងទៀតផងដែរ។
ទោះយ៉ាងណា លោកបាននិយាយថា ជនជាតិថៃជាច្រើនមិនអាចចាកចេញពីប្រទេសអ៊ីស្រាអែលបានទេ ដោយសារពួកគេបានបាត់លិខិតឆ្លងដែនពេលកំពុងភៀសខ្លួន ឬជ្រកកោនពីសមរភូមិ៕
ប្រែសម្រួលៈ ណៃ តុលា