ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ថា ជើងហោះហើរចំនួន ៣២ ពី Nok Air, Thai AirAsia និង SpiceJet របស់ឥណ្ឌា ត្រៀមជម្លៀសប្រជាជនថៃប្រមាណ ៥.៧០០ នាក់ ពីអ៊ីស្រាអែលក្នុងខែតុលា

រូបភាពពី៖​ The nation

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានត្រៀមជើងហោះហើរចំនួន ៣២ ដើម្បីនាំពលករថៃប្រមាណ ៥.៧០០ នាក់ ពីប្រទេសអ៊ីស្រាអែលមកវិញក្នុងខែតុលានេះ។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី​ថៃ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពី​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មជ្ឈមណ្ឌល​ឆ្លើយតប​រហ័ស​នៅ​ក្រសួងការបរទេស​ ដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា កិច្ចប្រជុំផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសពលករថៃ ហើយវាបានដោះស្រាយថា ជើងហោះហើរទាំង ៣២ គួរតែគ្រប់គ្រាន់ដើម្បីដឹកជនជាតិថៃចំនួន ៥.៧០០ នាក់ ត្រឡប់ពីអ៊ីស្រាអែលវិញមុនដំណាច់ខែនេះ។ ទោះជាយ៉ាងនេះក្តី វានៅតែមិនគ្រប់គ្រាន់ក្នុងការនាំយកពលករថៃចំនួន ៧.៥០០នាក់ ដែលបានចុះឈ្មោះឱ្យត្រឡប់ទៅវិញនោះទេ។

ជើងហោះហើរចំនួន ៣២ ដែលត្រូវបានរៀបចំនោះរួមមាន យន្តហោះ Nok Air, Thai AirAsia និង SpiceJet របស់ឥណ្ឌា។

​លោកនាយករដ្ឋមន្រ្តីថៃបន្ថែមថា មជ្ឈមណ្ឌល​រំពឹងថា ចំនួន​ពលករ​ថៃ​ដែល​ចង់​ត្រឡប់មក​ស្រុក​វិញ​នឹង​កើនឡើង​។

នាយករដ្ឋមន្ត្រីបានបន្តថា ជើងហោះហើរមួយចំនួននឹងមិនឈប់ពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងបាងកក ខណៈដែលជើងហោះហើរផ្សេងទៀតនឹងឆ្លងកាត់ទីក្រុងឌូបៃ ហ្ស៊កដានី ឬ ប្រទេសស៊ីប។

លោក សេដ្ឋា បាននិយាយថា មជ្ឈមណ្ឌលបានពិចារណាប្រើប្រាស់យន្តហោះ ប្រភេទ Airbus A380 ដែលមានពីរជាន់ ហើយអាចហោះហើរដឹកអ្នកដំណើរបានរហូតដល់ ៥០០ នាក់ក្នុងមួយលើក។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានដាស់តឿនថា យន្តហោះ A380 ត្រូវបានចតទុកចោលដោយមិនបានប្រើប្រាស់អស់រយៈពេលជាយូរ ហើយនឹងត្រូវការការថែទាំមុនពេលវាអាចហោះហើរបាន។

លោក​សេដ្ឋាបាន​បន្ថែម​ថា ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង តែលអាវែវ កំពុង​ដុតដៃដុតជើងដើម្បី​ព្យាយាម​នាំ​ជនជាតិ​ថៃ​ប្រមាណ ៤០០ នាក់​ទៅ​កាន់​ជម្រក​ដែល​បាន​រៀបចំ។ លោកបន្ថែមទៀតថា រដ្ឋាភិបាលថៃបាននិងកំពុងប្រើប្រាស់គ្រប់បណ្តាញការទូត ភ្នាក់ងារស៊ើបការណ៍សម្ងាត់ ទំនាក់ទំនងយោធា ក៏ដូចជាទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាការដោះលែងចំណាប់ខ្មាំងថៃទាំង ១៧ នាក់។

ក្រសួងការបរទេសថៃក៏បាននិងកំពុងចរចាជាមួយប៉ាឡេស្ទីន និងអ៊ីស្រាអែលផងដែរ ដើម្បីស្វែងរកការដោះលែងជនជាតិថៃទាំង ១៧នាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top