ព័ត៌មានអន្តរជាតិ

ថៃ៖ ជនបរទេស២នាក់ ប្តីប្រពន្ធ ត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះជួល ដោយមានស្នាមកាំបិតត្រង់បំពង់ក និងដៃ

Photo: Phetsakem Foundation, Amnat Charoen.

បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ កំពុងស៊ើបអង្កេតករណីស្លាប់ប្តីប្រពន្ធជាជនបរទេសនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងស្រុកផាណា ដោយសង្ស័យថាជាករណីឃាតកម្មសម្លាប់ខ្លួនឯង។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវីរៈសេនីយ៍ Choinarin Sathupawarat នាយប៉ុស្តិ៍នគរបាល ផាណា បាននិយាយថា ប្តីប្រពន្ធមួយគូនេះ បុរសជាជនជាតិស្វីស អាយុ ៤៧ឆ្នាំ និងស្ត្រីជនជាតិ Moldovan អាយុ ៤០ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ដេកក្នុងផ្ទះពីរជាន់របស់ពួកគេ កាលពីថ្ងៃសៅរ៍ ។

អ្នកទាំងពីរមានរបួសដោយស្នាមកាំបិតត្រង់បំពង់ក និងដៃ ដោយសាកសពស្ត្រីរកឃើញនៅលើគ្រែ និងសាកសពបុរសនៅលើឥដ្ឋក្បែរនោះ ។ កាំបិតចំនួន២ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ ហើយឆ្កែមួយក្បាលក៏ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរបន្ទប់ទឹកផងដែរ ។

លោកបាននិយាយថា កម្រាលឥដ្ឋមានឈាម និងស្នាមជើង ប៉ុន្តែហាក់មិនមានសញ្ញានៃការតស៊ូ នោះទេ ហើយរបស់របររបស់គូស្នេហ៍ហាក់ដូចជាមានសណ្តាប់ធ្នាប់។

លោកវរសេនីយ៍ Choinarin Sathupawarat បានបន្តថា ប៉ូលីសកំពុងសាកសួរសាក្សី និងរង់ចាំរបាយការណ៍ធ្វើកោសល្យវិច័យ ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ និងថាតើជាអំពើឃាតកម្ម ឬក៏ការធ្វើអត្តឃាតខ្លួនឯង។ ទោះជាយ៉ាងណា ប៉ូលិសមិនបានច្រានចោលលទ្ធភាពផ្សេងទៀតឡើយ។

ផ្អែកតាមការស៊ើបអង្កេតបឋម ប៉ូលិស និងមន្ត្រីកោសល្យវិច្ច័យ ដែលបានទៅដល់កន្លែងកើតហេតុ បានរកឃើញទ្វារចាក់សោរ ហើយបានសួរម្ចាស់ផ្ទះជួលរកកូនសោរទុកដើម្បីចូលទៅខាងក្នុង។ សាកសពត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sappasitprasong ក្នុងខេត្ត Ubon Ratchathani ដើម្បីធ្វើការពិនិត្យសាកសព។

Suthima Pantho អាយុ ៤៣ ឆ្នាំ ជាមិត្តភក្តិរបស់ប្តីប្រពន្ធដែលស្លាប់ខាងលើ បាននិយាយថា បុរសជនជាតិស្វីសបានសួរយោបល់របស់នាងអំពីគម្រោងប្រេងកញ្ឆា។ ប្តីប្រពន្ធនេះបានស្នាក់នៅក្នុងប្រទេសថៃប្រហែលប្រាំខែ៕

ប្រែសម្រួលៈ ណៃ តុលា

To Top