ព័ត៌មានអន្តរជាតិ

ជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ឈានចូលដល់សប្តាហ៍ទី២ ខណៈវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ នៅពេលដែលជម្លោះបង្ហូរឈាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានឈានចូលដល់សប្តាហ៍ទីពីររបស់ខ្លួន ក្តីបារម្ភកំពុងកើនឡើងជុំវិញស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា។

កងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីយប់មិញ កងទ័ពអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធាជាង ៣០០ និងទីស្នាក់ការកណ្តាលនៃស្ថាប័ន ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម” ។

លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាលនៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់ជាង ២,៦០០នាក់ និងជាង ៩០០០នាក់ផ្សេងទៀតបានរងរបួស។

ការវាយឆ្មក់របស់អ៊ីស្រាអែល បានបំផ្លាញអគារ ប៉ម និងអគារលំនៅដ្ឋានជិត ១,៧០០ ខណៈដែលលំនៅដ្ឋានជាង ៧០០០ ត្រូវបានកម្ទេច នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅក្នុងតំបន់ហ្គាហ្សា។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សជាងកន្លះលាននាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានផ្លាស់ទីលំនៅពីលំនៅដ្ឋានរបស់ពួកគេដោយកត់សម្គាល់ថាទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនទទួលបានប្រហែល ៦៤ភាគរយនៃអ្នកផ្លាស់ទីលំនៅនៅក្នុងជម្រកសង្គ្រោះបន្ទាន់ចំនួន ១០២ ជាមួយនឹងការលំបាកក្នុងការផ្តល់សេវាសំខាន់ៗ។

ការអំពាវនាវក្នុងតំបន់ និងអន្តរជាតិកំពុងកើនឡើង សម្រាប់ការបើកច្រករបៀងមនុស្សធម៌ដើម្បីផ្តល់ឱ្យតំបន់ហ្គាហ្សាស្ទ្រីប នូវតម្រូវការជាមូលដ្ឋានសម្រាប់វិបត្តិមនុស្សធម៌ ដែលប្រជាជនកំពុងប្រឈមមុខ ជាពិសេសការខ្វះខាតទឹក ប្រេងឥន្ធនៈ និងអគ្គិសនីយ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top