ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប្រទេសថៃ បើករថយន្ត Tesla Model Y ទៅធ្វើការដើម្បីទាក់ទាញ ក្រុមហ៊ុនផលិតរថយន្តអាមេរិក នេះឱ្យមកបណ្តាក់ទុននៅប្រទេសថៃ

រូបភាពពី៖​ AFP

បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសថៃ លោក សេដ្ឋា ថាវីស៊ីន បានខ្ចីរថយន្ត Tesla Model Y ខ្នាតកណ្តាលរបស់ភរិយាលោក ក្នុងកាយវិការមួយដែលលោកសង្ឃឹមថា នឹងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអាមេរិកឱ្យមកបណ្តាក់ទុននៅប្រទេសថៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សេដ្ឋា ថាវីស៊ីន ត្រូវបានគេប្រទះឃើញជាលើកដំបូងចេញពីរថយន្តពណ៌សនៅឯទីស្នាក់ការប៉ូលីសភូមិន្ទថៃកាលពីព្រឹកថ្ងៃចន្ទ មុនពេលលោកធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាលដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។

ក្រោយមក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា លោកបានខ្ចីឡានរបស់ប្រពន្ធលោក ព្រោះលោកចង់ឈ្នះទឹកចិត្តរបស់ Tesla ពេលលោកទៅនិយាយជាមួយក្រុមហ៊ុននៅខែក្រោយ។

លោក​បាន​និយាយ​ថា ក្រៅពី​គ្មាន​ការ​បំភាយ​ឧស្ម័ន Tesla Model Y ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល និង​ចេញ​ផង​ដែរ បើ​ប្រៀបធៀប​នឹងរថយន្តម៉ាក Mercedes Benz S-Class ដែល​លោក​ត្រូវ​បាន​គេ​លៃលកទុកសម្រាប់នាយក​រដ្ឋមន្ត្រី។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងរៀបចំផែនការផ្សព្វផ្សាយប្រទេសថៃជាមជ្ឈមណ្ឌល EV នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលោកបានបន្ថែមថា ប្រធានបទនេះនឹងក្លាយជាផ្នែកនៃរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា

To Top