ថ្ងៃទី១៦ ខែតុលា ពិធីប្រកាសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់និងផ្លូវ " ផ្នែកភាពយន្តអន្តរជាតិបានធ្វើឡើងនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនានៃការមជ្ឈិមចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានអញ្ជើញចូលរួមពិធីនេះ ។ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនផលិតភាពយន្តខ្នាតធំនិងភាពយន្តទូរទស្សន៍នៃប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានអញ្ជើញចូលរួមសកម្មភាពពាក់ព័ន្ធ។
លោក Hu Jinjun អគ្គនាយករង CMG បានថ្លែងថា រយៈពេល១០ឆ្នាំកន្លងទៅ “ខ្សែក្រវាត់និងផ្លូវ” ទទួលបានផ្លែផ្កាយ៉ាងច្រើនសន្ធឹក។ អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) នឹងបន្តពួតដៃជាមួយពិភពលោក រួមចំណែកជាកម្លាំងនៃប្រព័ន្ធសារព័ត៌មានក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់។
ក្នុងសកម្មភាពលើកនេះ ភាពយន្តឯកសារ « ទស្សនាប្រទេសចិន» ដែលសហការផលិតដោយសមាជិកសហគមន៍ ផ្លូវសូត្របានចាក់ផ្សាយជាផ្លូវការ។ កម្មវិធីឆ្នើមនៃ “ទិវាភាពយន្តយុវវ័យ” ក្រោមប្រធានបទ “ខ្សែក្រវាត់និងផ្លូវ” លើកទីមួយក៏ត្រូវបានចាក់បញ្ចាំងជាផ្លូវការផងដែរ។
ក្នុងពិធីនេះក៏បានរៀបចំការចុះហត្ថលេខាតាមអនឡាញសម្រាប់សមាជិកថ្មីផងដែរ ។ ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ី និងវិទ្យុជាតិនីការ៉ាហ្កាបានចូលរួមជាសមាជិកផ្លូវការនៃសហគមន៍ទូរទស្សន៍ផ្លូវសូត្រ។ សូមបញ្ជាក់ថា សហគមន៍ទូរទស្សន៍ផ្លូវសូត្របានបង្កើតឡើងរយៈពេល ៧ ឆ្នាំហើយ ដែលបានពង្រីកសមាជិកដល់ចំនួន ១៤៦ ស្ថាប័នក្នុងប្រទេសនិងតំបន់ចំនួន៦៤៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន