ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ហាមឃាត់មិនឲ្យនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន

kyodo

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានអនុម័តវិធានការរឹតបន្តឹងបណ្តោះអាសន្នប្រឆាំងនឹងការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ។ ក្រុមឃ្លាំមើលវិស័យកសិកម្មរបស់ប្រទេសរុស្ស៊ី Rosselkhoznadzor បានប្រកាសឲ្យដឹងដូច្នេះ ។

ក្រុម Rosselkhoznadzor បានកត់សម្គាល់ថា ចាប់ពីថ្ងៃទី១៦ ខែតុលា រុស្ស៊ី នឹងហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ។

ក្រុមឃ្លាំមើលបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងជា “វិធានការប្រុងប្រយ័ត្ន” ដោយបន្ថែមបានថា ការរឹតបន្តឹងនឹងបន្តរហូតដល់ទីក្រុងម៉ូស្គូ ត្រូវបានផ្តល់ឱ្យនូវព័ត៌មានដ៏ទូលំទូលាយដែលបញ្ជាក់ពីសុវត្ថិភាពនៃផលិតផលត្រី និងអាហារសមុទ្ររបស់ប្រទេសជប៉ុន ។

គេបានដឹងថា ឧបទ្ទវហេតុកើតឡើងនៅឯរោងចក្រនុយក្លេអ៊ែរ Fukushima គឺជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោករហូតមកដល់បច្ចុប្បន្ននេះ ដោយសាររងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិដែលបានកើតឡើងនៅខែមីនាឆ្នាំ២០១១ ហើយរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានទទួលរងនូវការរលាយស្នូល និងបង្កើតបរិមាណទឹកកខ្វក់ដ៏ធំដែលត្រូវបានគេដឹងថា មានធាតុវិទ្យុសកម្មជាង៦០ប្រភេទ ។

យោងតាមក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ (TEPCO) ដែលជាប្រតិបត្តិកររបស់រោងចក្រនេះថា រោងចក្រនេះបានស្តុកទុកទឹកសំណល់ដែលបំពុលដោយនុយក្លេអ៊ែរជាង១,៣លានតោន ហើយផែនការបញ្ចេញចោលទាំងមូលនឹងបន្តអស់រយៈពេលជាង៣០ឆ្នាំ ។

ទោះបីជាមានការប្រឆាំងពីអ្នកនេសាទក្នុងស្រុក ប្រទេសជិតខាង និងអ្នកជំនាញបរិស្ថានពិភពលោកក៏ដោយ ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហូរទឹកចេញនៅជុំទី១នៃទឹកកខ្វក់នុយក្លេអ៊ែររបស់ខ្លួនចូលទៅក្នុងមហាសមុទ្រកាលពីថ្ងៃទី២៤ ខែសីហា និងការបង្ហូរទឹកចេញនៅជុំទី២ កាលពីថ្ងៃទី៥ ខែតុលា ដែលធ្វើឱ្យមានការតវ៉ា ការប្រមូលផ្តុំទ្រង់ទ្រាយធំ និងការស្រែកតវ៉ាពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top