យេរ៉ូសាឡឹម៖ ក្រុមហាម៉ាស បានចេញផ្សាយនូវវីដេអូ នៃចំណាប់ខ្មាំងជនជាតិបារាំង-អ៊ីស្រាអែលម្នាក់ នៅលើប៉ុស្តិ៍ Telegram របស់ពួកគេ ដែលជាវីដេអូដំបូង ដែលបានចេញផ្សាយអំពី ចំណាប់ខ្មាំងប្រហែល ២០០ នាក់ដែលត្រូវបានចាប់ពង្រត់ ដោយក្រុមនេះទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។
ការិយាល័យរបស់លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅពេលដែលវីដេអូនេះត្រូវបានចេញផ្សាយ និងធ្វើបច្ចុប្បន្នភាព។
ចំណាប់ខ្មាំងត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ Mia Shem អាយុ ២១ឆ្នាំ។ នៅក្នុងវីដេអូ Shem ដែលនិយាយជាភាសាហេប្រ៊ូ បានឲ្យដឹងថា នាងបានទទួលការព្យាបាលនៅហ្គាហ្សា ហើយបានទទួលការវះកាត់ដៃ។
នាងបានលើកឡើងថា “ខ្ញុំបានត្រលប់មកវិញនៅព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី០៧ ខែតុលា) ពី Sderot (នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល) ខ្ញុំនៅឯពិធីជប់លៀងមួយ។ ខ្ញុំរងរបួសយ៉ាងធ្ងន់ធ្ងរនៅលើដៃរបស់ខ្ញុំ។ ខ្ញុំបានទទួលការវះកាត់រយៈពេល ៣ ម៉ោងនៅលើដៃរបស់ខ្ញុំ នៅមន្ទីរពេទ្យ ( នៅហ្គាហ្សា) ពួកគេកំពុងមើលថែខ្ញុំ ផ្តល់ថ្នាំឱ្យខ្ញុំ ហើយអ្វីៗ គឺល្អ ខ្ញុំសុំឱ្យពួកគេនាំខ្ញុំទៅផ្ទះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ទៅកាន់ឪពុកម្តាយរបស់ខ្ញុំ”។
កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានបើកការវាយលុកយ៉ាងខ្លាំងក្លាទៅលើទីប្រជុំជនអ៊ីស្រាអែល ដែលនៅជាប់នឹងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ ដោយរំលោភព្រំដែនដីជាមួយអ៊ីស្រាអែល ពួកសកម្មប្រយុទ្ធហាម៉ាស បានបើកការបាញ់ប្រហារទៅលើអ្នកស្រុក និងចាប់យកពួកគេមួយចំនួន ដែលជំរុញឱ្យអ៊ីស្រាអែល បើកការវាយប្រហារសងសឹកលើតំបន់ហ្គាហ្សា។
យោធាអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទ បានធ្វើបច្ចុប្បន្នភាពនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ចំណាប់ខ្មាំង ១៩៩ នាក់ត្រូវបានចាប់ខ្លួននៅហ្គាហ្សា ខណៈដែលក្រុមហាម៉ាស បានអះអាងថាមានឈ្លើយសឹកអ៊ីស្រាអែលពី ២០០ ទៅ ២៥០នាក់នៅក្នុងតំបន់ហ្គាហ្សា ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
