ព័ត៌មានអន្តរជាតិ

ទុយនីស៊ី អំពាវនាវឱ្យមានការអន្តរាគមន៌ពីអន្ដរជាតិ ដើម្បីបញ្ឈប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស

AFP

ទុយនីស៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ Tunis Afrique Presse (TAP) បានរាយការណ៍ថា ប្រធានសភាទុយនីស៊ី លោក Ibrahim Bouderbala បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត ហើយដកការឡោមព័ទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក Bouderbala បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំបន្ទាន់តាមអ៊ីនធឺណិតជាមួយប្រមុខសភា សម្រាប់រដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃជម្លោះនេះ។

ប្រធានសភារូបនេះ ក៏បានអំពាវនាវឱ្យពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប៉ាឡេស្ទីនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានជំរុញឱ្យរដ្ឋសមាជិក OIC និងស្ថាប័នក្នុងតំបន់ និងអន្តរជាតិ “ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើជនស៊ីវិល និងកោះហៅអ៊ីស្រាអែល ឱ្យអនុវត្តតាមដំណោះស្រាយអន្តរជាតិ”។

ទុយនីស៊ី បានបញ្ជូនយន្តហោះសង្គ្រោះកាលពីថ្ងៃអាទិត្យដល់ប្រជាជនប៉ាឡេស្ទីន ដោយដឹកសម្ភារពេទ្យ និងសុខភាពប្រហែល ១២តោន និងទឹកដោះគោទារកផងដែរ។

រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ២៨៨០ នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ខណៈដែលមនុស្សប្រហែល ១៣០០ នាក់នៅអ៊ីស្រាអែល បានស្លាប់ដោយសារការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស៕

To Top