ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ បញ្ចុះបញ្ចូលក្រុមហ៊ុន CITIC Group ដ៏ធំរបស់ចិនឱ្យមកវិនិយោគ អាជីវកម្មហិរញ្ញវត្ថុ និង រថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ

រូបភាពពី៖​ AFP

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលរបស់ថៃបាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃអង្គារបានជួបជាមួយប្រធានក្រុមហ៊ុនធំជាងគេរបស់ប្រទេសចិន ហើយបានអញ្ជើញនាយកក្រុមហ៊ុនរូបនោះឱ្យវិនិយោគលើអាជីវកម្មហិរញ្ញវត្ថុ និង រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកសេដ្ឋា និងគណៈប្រតិភូថៃ កំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Watcharong បាននិយាយថា លោក សេដ្ឋា ថាវីស៊ីន បានជួបលោក Zhu Hexin ប្រធានក្រុមហ៊ុន CITIC Group Corporation កាលពីព្រឹកថ្ងៃអង្គារ។ CITIC គឺជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសចិន ជាមួយនឹងអាជីវកម្មក្នុងសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ ការផលិតផលិតផលឆ្លាតវៃកម្រិតខ្ពស់ សម្ភារៈទំនើប ការប្រើប្រាស់ថ្មី និងទីក្រុងប្រភេទថ្មី។ ក្រុមនេះមានវត្តមានជាសាកលយ៉ាងធំ ដោយមានការិយាល័យ និងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង ៣០។

ក្រុមហ៊ុននេះត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុន Fortune’s Global 500 អស់រយៈពេល ១៥ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០០៩ ហើយជាប់ចំណាត់ថ្នាក់ទី ១០០ នៅឆ្នាំនេះ។

យោងតាមអ្នកនាំពាក្យ, ក្រុមហ៊ុន CITIC Group បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងធំៗ ក្រោមភាពជាដៃគូសាធារណៈ និងឯកជន និងអាជីវកម្មផ្សេងទៀតនៅក្នុងប្រទេសថៃ៕ ប្រែសម្រួលៈ ណៃ តុលា

To Top