ព័ត៌មានអន្តរជាតិ

ក្រុម​ប្រដាប់ ​អាវុធ​ហាម៉ាស ​បើក​ការ​វាយ​ប្រហារ ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​ក្រុង​ Tel Aviv ក្រុង​យេរ៉ូសាឡឹម

ប្រភព ៖ Afp

ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធ របស់ក្រុមហាម៉ាស បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារទីក្រុង Tel Aviv និងក្រុងយេរ៉ូសាឡឹម ដោយគ្រាប់រ៉ុក្កែតផលិតក្នុងស្រុក ខណៈដែលរដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Antony Blinken បានវិលត្រឡប់ ទៅកាន់ប្រទេស អ៊ីស្រាអែលវិញ បន្ទាប់ពីដំណើរទស្សនកិច្ច ក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយផ្ញើទៅស៊ីនហួ កងពលតូច Al-Qassam បានឲ្យដឹងថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់នៅទីក្រុង Tel Aviv និងយេរ៉ូសាឡឹម ក្នុងការឆ្លើយតបទៅនឹងការ សម្លាប់ជនស៊ីវិលរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។

ប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល បានរាយការណ៍ថា សំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងទីក្រុង Tel Aviv និងយេរ៉ូសាឡឹម ក្នុងអំឡុងពេលបើកសម័យ ប្រជុំរដូវរងានៃ​ សភាអ៊ីស្រាអែល។ វីដេអូខ្លីៗដែលផ្សព្វផ្សាយនៅលើ Facebook បានបង្ហាញសមាជិក Knesset មួយចំនួន បានចាកចេញពីសាល ហើយឆ្ពោះទៅកាន់ជម្រក ។

នៅព្រឹកថ្ងៃដដែល កងពលតូច Al-Qassam ក៏បានប្រកាស ពីការទម្លាក់គ្រាប់បែកលើទីក្រុង Ashkelon និង Ashdod របស់អ៊ីស្រាអែល និងទីតាំងយោធា អ៊ីស្រាអែល នៅជិតតំបន់ហ្គហ្សាស្ទ្រីព ។

លោក Blinken ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍បានវិលត្រឡប់មកប្រទេសវិញ កាលពីថ្ងៃចន្ទបន្ទាប់ពីលោក បានធ្វើដំណើរទៅកាន់រដ្ឋក្នុងតំបន់ជាច្រើន ដើម្បីពិភាក្សាអំពីការប្រយុទ្ធគ្នា ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top