ព័ត៌មានអន្តរជាតិ

វាយប្រហារមន្ទីរពេទ្យ ក្នុងតំបន់ហ្គាហ្សាមនុស្សស្លាប់ រង្គាលដល់ទៅរាប់រយនាក់

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មនុស្សជាង ៦០០នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត និងជាង៩០០នាក់ទៀតបានរងរបួស បន្ទាប់ពីមីស៊ីលមួយគ្រាប់បានវាយប្រហារចំមន្ទីរពេទ្យ Al-Ahli Arab ក្នុងតំបន់ហ្គាហ្សា។

ប្រភពដដែលបានអះអាងទៀតថា ប្រជាជនប៉ាឡេស្ទីន រាប់រយនាក់កំពុងជ្រកក្នុងអគារ នេះនិងក៏ដូចជាអ្នកជំងឺដែលកំពុងទទួលការព្យាបាល ហើយមានការភ័យបារម្ភថាចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាងនេះបន្ថែមទៀតផងដែរ។

ទោះបីជាយ៉ាងណាក្តីអ៊ីស្រាអែល ដែលកំពុងតែបន្តធ្វើការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា បន្ទាប់ពីការលុកលុយយ៉ាងបង្ហូរឈាមដោយក្រុមហាម៉ាស់ បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារ និងបានចោទប្រកាន់ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនថា ជាអ្នកវាយលុកទីតាំងនេះ។

គួរឲ្យដឹងដែរថាអ្នកតំណាងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនម្នាក់ កាលពីថ្ងៃអង្គារបានពណ៌នាការបំផ្លិចបំផ្លាញ មន្ទីរពេទ្យនៅហ្គាហ្សាថាជាឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ខណៈដែលគ្រូពេទ្យក្នុងតំបន់បានហៅវាថា ជាការសម្លាប់រង្គាល៕ ប្រែសម្រួល៖ស៊ុនលី

To Top