បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ថាWHO បានធ្វើការប្រកាសថ្កោលទោស ទៅលើការវាយប្រហារ លើមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សយ៉ាង ហោចណាស់៦០០នាក់ មកហើយកាលពីថ្ងៃអង្គារ ដោយអំពាវនាវ ឱ្យមានការការពារជាបន្ទាន់ ដល់ជនស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីន ។
យោងតាមការចេញផ្សាយរបស់ RT ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីស្រាអែល បានបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ហើយបានបន្ទោសក្រុមហាម៉ាសនិងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដែលជាអ្នកនៅពីក្រោយការវាយប្រហារលើកនេះ ។
ប្រធានអង្គការ WHO លោកវេជ្ជបណ្ឌិត Tedros Adhenom Ghebreyesus បាននិយាយថា អង្គការ WHOថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារលើ មន្ទីរពេទ្យ Al Ahli Arab នៅភាគខាងជើងហ្គាហ្សា ហើយសុំអំពាវនាវឱ្យ មានការការពារជនស៊ីវិល និងការថែទាំសុខភាពជាបន្ទាន់ ហើយសម្រាប់ការបញ្ជា ឲ្យមានការជម្លៀសត្រូវអនុវត្តឡើងវិញ ។
គួរឲ្យដឹងដែរថានេះ គឺជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦០០ នាក់ ដែលភាគច្រើនសុទ្ធតែជាអ្នកជំងឺ និងជនស៊ីវិលដែលកំពុងស្វែង រកទីជម្រក ខណៈដែលមនុស្សរាប់រយទៀតនៅតែស្ថិតនៅក្រោមគំនរបាក់បែក នេះបើយោងតាមក្រសួង សុខាភិបាលនៅហ្គាហ្សាបានបញ្ជាក់បន្ថែម៕
ប្រែសម្រួល៖ស៊ុនលី