ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១៤នាក់ នៅក្នុងហេតុការណ៍ ផ្ទុះគ្រាប់បែក នៅទីតាំងផលិតកាំជ្រួច២ កន្លែង នៅភាគខាងត្បូង ប្រទេសឥណ្ឌា

ប្រភព ៖ Xinhua

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ ព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានមនុស្សចំនួន១៤នាក់ បានស្លាប់កាលពីថ្ងៃអង្គារ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅឯទីតាំងផលិតកាំជ្រួចចំនួន២កន្លែង នៅរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ។

គេបានដឹងថា ករណីផ្ទុះនេះបានកើតឡើងនៅក្នុងស្រុក Virudhunagar ចម្ងាយប្រហែល៥៤៧គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Chennai ដែលជារដ្ឋធានីនៃរដ្ឋ Tamil Nadu ។

ចំពោះការផ្ទុះលើកដំបូង បានកើតឡើងនៅ Kanishkar Fireworks ដែលមានទីតាំងនៅ Rengapalayam ក្នុងស្រុក Virudhunagar បន្ទាប់ពីបុគ្គលិក នៅក្នុងហាងមួយ (ដែលនៅជាប់នឹងរោងចក្រ) ដែលត្រូវបានគេចោទប្រកាន់ថា បានបង្ហាញពីកាំជ្រួច របស់ពួកគេដល់អតិថិជន ខណៈដែលការផ្ទុះលើកទី២ បានកើតឡើងនៅរោងចក្រ១ផ្សេងទៀត ដែលមានទីតាំងនៅភូមិ Kichanayakanpatti ក្បែរ Sivakasi នៅគ្រាដែល សារធាតុគីមីសម្រាប់ផលិតកាំជ្រួច កំពុងផលិតនោះបានធ្វើឲ្យផ្ទុះ ។

មន្ត្រីប៉ូលិសម្នាក់បានឲ្យដឹងថា “កម្មករចំនួន១៣នាក់បានស្លាប់នៅទីតាំងផលិតកាំជ្រួច១កន្លែងនៅ Rengapalayam ។

ផ្កាភ្លើងចេញពីកាំជ្រួចហើយ បានធ្លាក់ចូលក្នុងបន្ទប់ដែលកម្មករ កំពុងវេចខ្ចប់ បណ្តាលឱ្យមានការផ្ទុះឆេះ” ។ “នៅក្នុងឧបទ្ទវហេតុទី២វិញ កម្មករម្នាក់បានស្លាប់ នៅក្នុងការផ្ទុះកាំជ្រួចនៅទីតាំងផលិត កាំជ្រួចនៅ Kichanayakanpatti” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top