បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ថៃ លោកឧត្តមសេនីយ៍ តូសាក់ ស៊ុកវិម៉ុល កាលពីថ្ងៃអង្គារ បានអំពាវនាវដល់មន្ទីរពេទ្យ Police General (PGH) ឱ្យដាក់របាយការណ៍ស្តីពីការព្យាបាលដែលខ្លួនកំពុងផ្តល់សម្រាប់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាប់ពន្ធនាគារ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានផ្សព្វផ្សាយតៗគ្នាដែលបង្ហាញពីលោកថាក់ស៊ីន ស្ថិតនៅលើកៅអីរុញ ពាក់អាវអ្នកជំងឺ ពាក់ម៉ាស ដោយធ្វើដំណើរឆ្ពោះទៅរកការស្កេនកុំព្យូទ័រ (CT) និងការស្កែនរូបភាពម៉ាញេទិក (MRI)។
រូបថតដែលបានល្បីពេញបណ្តាញសង្គមកាលពីសប្តាហ៍មុន បានបង្កការរិះគន់ទាក់ទងនឹងសិទ្ធិពិសេសនិងការព្យាបាលដែលថាក់ស៊ីនអាចនឹងត្រូវបានទទួល។
វាត្រូវបានគេចោទថា រូបភាពនេះត្រូវបានផ្សព្វផ្សាយដោយមានគោលបំណង។ ក្រុមអ្នករិះគន់បាននិយាយថា វាអាចមានបំណងផ្តល់ការចាប់អារម្មណ៍ថា លោកថាក់ស៊ីននៅតែឈឺធ្ងន់ ហើយត្រូវការការព្យាបាលបន្ថែមទៀតនៅមន្ទីរពេទ្យនៅខាងក្រៅពន្ធនាគារ។
រូបថតនេះបានកើតឡើងខណៈពេលសម្រាកព្យាបាលនៅក្រៅពន្ធនាគាររបស់លោកថាក់ស៊ីនដែលផុតកំណត់រយៈពេល ៩០ ថ្ងៃ ត្រូវផុតកំណត់នៅថ្ងៃសុក្រ។ កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ តូសាក់ ស៊ុកវិម៉ុល អគ្គស្នងការនគរបាលជាតិថៃបានទទួលស្គាល់ថា លោកបានដឹងតិចតួចអំពីបញ្ហាសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចាប់តាំងពីលោកទើបតែត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ។
នៅព្រឹកថ្ងៃអង្គារ សកម្មជននយោបាយ Srisuwan Janya បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ទាមទារឱ្យមានការស៊ើបអង្កេតលើការព្យាបាលរបស់លោកថាក់ស៊ីននៅមន្ទីរពេទ្យ General Hospital ដើម្បីមើលថាតើវាបំពានច្បាប់កែតម្រូវឬអត់។
លោក Srisuwan បានកត់សម្គាល់ថា ទោះបីជាលោកថាក់ស៊ីន មានជំងឺជាបន្តបន្ទាប់ ដូចជាជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងជំងឺសរសៃពួរក៏ដោយ ក៏ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកនៅមន្ទីរពេទ្យនេះ អាចនឹងបំពានច្បាប់កែប្រែ ដែលចែងថាមានតែអ្នកទោសដែលមានជំងឺធ្ងន់ធ្ងរ ឬជំងឺផ្លូវចិត្តប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យទទួលការព្យាបាលពិសេសនៅខាងក្រៅពន្ធនាគារ។
លោកក៏បានចោទសួរថា ហេតុអ្វីបានជាលោក ថាក់ស៊ីន មិនត្រូវបានកាត់សក់ឱ្យខ្លី ដែលជាលក្ខខណ្ឌតម្រូវតាមបទប្បញ្ញត្តិរបស់នាយកដ្ឋានកែប្រែ៕ ប្រែសម្រួលៈ ណៃ តុលា