ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក បន្ទោសប៉ាឡេស្ទីន ចំពោះការវាយប្រហារលើមន្ទីរពេទ្យនៅហ្គាហ្សា

រូបភាពពី៖​ XINHUA

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា លោកជឿជាក់លើការធានារបស់ប្រទេសដែលថា អ៊ីស្រាអែលមិនបាន វាយប្រហារលើមន្ទីរពេទ្យ al-Ahli ក្នុងទីក្រុង ហ្គាហ្សា កាលពីយប់ថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកបានធានាចំពោះមេដឹកនាំអ៊ីស្រាអែលកាលពីថ្ងៃពុធក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែលថា “ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាហាក់ដូចជា ការវាយប្រហារទៅលើមន្ទីរពេទ្យនោះ គឺត្រូវបានធ្វើដោយក្រុមផ្សេងទៀត មិនមែនអ្នកទេ” ។

លោក Biden បាននិយាយថា លោកមានការសោកស្ដាយ និងខឹងសម្បារជាខ្លាំងចំពោះឧប្បត្តិហេតុ ដែលបានឆក់យកជីវិតមនុស្សជាង ៥០០នាក់ នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន។

ក្រុងវ៉ាស៊ីនតោនបានសន្យាបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល បន្ទាប់ពីការលុកលុយដ៏ខ្លាំងក្លាមួយចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែលកាលពីដើមខែនេះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas មកពីតំបន់ហ្គាហ្សាបានបណ្តាលឱ្យមនុស្សរាប់រយនាក់បានស្លាប់។

ក្រុមអ្នកវាយប្រហារក៏បានចាប់ចំណាប់ខ្មាំងជាច្រើននាក់ផងដែរនៅក្នុងការវាយឆ្មក់ ដែលពួកគេចង់ផ្លាស់ប្តូរជាមួយអ្នកទោសរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្តេជ្ញា​ថា​នឹង​បំផ្លាញ​អង្គការ​នេះ ហើយ​បាន​ដាក់​តំបន់​ហ្គាហ្សា​ឱ្យ​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​តាំង​ពី​ពេល​នោះ​មក។

សូមជម្រាបថា លោក Biden បានទៅដល់ប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃពុធក្នុងកាយវិការចំពោះការគាំទ្រ។ ក្រោយមកនៅថ្ងៃនោះ លោកត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី ដើម្បីជួបស្តេច Abdullah II , ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi និងប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ។ ទីក្រុង Amman របស់ហ្សកដានី បានលុបចោលកិច្ចប្រជុំកំពូលបន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យ ដែលវាកំពុងដាក់បន្ទុកលើអ៊ីស្រាអែល៕ ប្រែសម្រួលៈ ណៃ តុលា

To Top