បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែលហើយនៅថ្ងៃពុធនេះ ចំពេលមានជម្លោះកាន់តែខ្លាំងឡើងបន្ទាប់ពីការបំផ្ទុះដ៏ធំមួយនៅឯមន្ទីរពេទ្យ Gaza ដែលបណ្តាលឱ្យមានការចោទប្រកាន់ប្រកួតប្រជែងគ្នាអំពីការស្តីបន្ទោស និងការតវ៉ានៅទូទាំងតំបន់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលលោក Biden ជួបជាមួយមេដឹកនាំអ៊ីស្រាអែល ក្នុងការបង្ហាញការគាំទ្រសម្រាប់សម្ព័ន្ធមិត្តដ៏យូរលង់របស់សហរដ្ឋអាមេរិក កិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងប្រទេសហ្ស៊កដានីជាមួយមេដឹកនាំអារ៉ាប់ ក៏ត្រូវបានលុបចោលវិញផងដែរបន្ទាប់ពីការផ្ទុះមន្ទីរពេទ្យហ្គាហ្សា។
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការបំផ្ទុះនៅមន្ទីរពេទ្យ Ahli Arab នៃទីក្រុង Gaza ដោយហៅវាថា ជា “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបង្ហាញមុខមាត់អាក្រក់របស់សត្រូវឧក្រិដ្ឋជននេះ និងរដ្ឋាភិបាលហ្វាស៊ីស និងរដ្ឋាភិបាលភេរវករ”។
ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មាន “អ្នកស្លាប់ និងរបួសរាប់រយនាក់ ដែលភាគច្រើនជាគ្រួសារផ្លាស់ទីលំនៅ អ្នកជំងឺ កុមារ និងស្ត្រី”។ អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា មនុស្សប្រហែល ៥០០ នាក់ត្រូវបានសម្លាប់។
លោក Biden ប្រធានាធិបតីអាមេរិក បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថា លោក “មានការសោកស្ដាយ និង មានកំហឹងផងដែរចំពោះការបំផ្ទុះនៅមន្ទីរពេទ្យនេះ” ហើយថា “ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាត្រូវបានធ្វើដោយក្រុមផ្សេងទៀត មិនមែនអ្នក (អ៊ីស្រាអែល) ទេ”។
មេដឹកនាំអាមេរិកបានសន្យាធានាថា អ៊ីស្រាអែលមានអ្វីដែលខ្លួនត្រូវការដើម្បីការពារខ្លួន។
បន្ទាប់ពីទីក្រុង Tel Aviv លោក Biden ត្រូវបានគេគ្រោងនឹងបន្តទៅកាន់ទីក្រុង Amman ប្រទេសហ្សកដានី ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យ Gaza ការធ្វើដំណើរត្រូវបានលុបចោល ខណៈដែលមេដឹកនាំនៃប្រទេសជិតខាងអ៊ីស្រាអែល – ស្តេច Abdullah នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតី Abdel-Fatah el-Sissi របស់ប្រទេសអេហ្ស៊ីប បានសម្រេចចិត្តប្រឆាំងនឹងការរៀបចំកិច្ចប្រជុំកំពូលជាមួយលោក Biden និងប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ៕ ប្រែសម្រួលៈ ណៃ តុលា