ស៊ីដនី៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះធុនស្រាល១គ្រឿង បានធ្លាក់នៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ដោយអ្នកបើកយន្តហោះ ត្រូវបានគេបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតហើយ ។
ប៉ូលិសប្រចាំនៅរដ្ឋ Queensland បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ចូលទៅក្នុងវាលស្រែមួយនៅ Palgrave ក្បែរក្រុង Warwick ដែលជាទីក្រុងជនបទនៅភាគអាគ្នេយ៍នៃរដ្ឋនេះ ។
អធិការស្តីទី លោក Paula Smithard បានប្រាប់ដល់អ្នកយកព័ត៌មានថា “នៅម៉ោងប្រហែល១២និង១៥នាទីយប់ម៉ោងក្នុងស្រុក មានការបញ្ជូនព័ត៌មានមួយមកដោយបានទទួលថា យន្តហោះធុនស្រាលមួយកំពុងជួបបញ្ហា” ។
អ្នកបើកយន្តហោះដែលត្រូវបានគេជឿថា ជាអ្នកបើកយន្តហោះតែម្នាក់គត់នៅពេលនោះ មិនបានរួចជីវិតពីការធ្លាក់នេះនោះទេ ។
ប៉ូលិសបានកត់សម្គាល់ថា អ្នកស៊ើបអង្កេតនឹងធ្វើការជាមួយមន្ត្រីមកពីអាកាសចរណ៍ អូស្ត្រាលី ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ។
អ្នកនាំពាក្យការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី បានបង្ហាញប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការិយាល័យបានទទួលការជូនដំណឹងអំពីការធ្លាក់យន្តហោះនេះ ប៉ុន្តែមិនមានការស៊ើបអង្កេតទេ ព្រោះយន្តហោះដែលពាក់ព័ន្ធគឺជា “យន្តហោះដែលទើបតែផលិតឡើង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា