ព័ត៌មានអន្តរជាតិ

Update៖ អ៊ីរ៉ង់ ជំរុញឲ្យបណ្តាប្រទេសនៅក្នុងតំបន់ចូលរួមបញ្ឈប់សកម្មភាពបញ្ជូនទ័ព របស់សហរដ្ឋអាមេរិក ចូលទឹកដី អ៊ីស្រាអ៊ែល

រូបភាពពី៖​ AFP

តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារព័ត៌មានផ្លូវការឈ្មោះថា IRNA បានរាយការណ៍មកថា មន្ត្រីយោធាកំពូលរបស់ប្រទេសអ៊ីរ៉ង់មួយរូបបានជំរុញឲ្យបណ្តាប្រទេសនៅក្នុងតំបន់ឱ្យបញ្ឈប់សកម្មភាពរបស់សហរដ្ឋអាមេរិកពីការផ្ទេរអាវុធ និងឧបករណ៍ទៅឱ្យប្រទេសអ៊ីស្រាអែល ពីមូលដ្ឋានរបស់ខ្លួននៅឯមជ្ឈិមបូព៌ា ។

លោក Mohammad Baqeri អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេស កាតា លោក Khalid bin Mohamed Al Attiyah ដោយមិនបង្ហាញកាលបរិច្ឆេទពិតប្រាកដនៃការហៅទូរស័ព្ទនោះទេ ។

លោក Baqeri បានព្រមានថា ប្រសិនបើភាគីអ៊ីស្រាអ៊ែលនៅបន្តប្រព្រឹត្ត ”អំពើឃោរឃៅ” ប្រតិកម្មណាមួយនឹងអាចធ្វើទៅបានពី “ក្រុមប្រឆាំង” ជាក់ជាមិនខានឡើយ ។

ទីភ្នាក់ងារ IRNA បានរាយការណ៍មកថា នៅក្នុងការហៅទូរស័ព្ទមួយផ្សេងទៀតជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu លោក Baqeri បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តនៃការរំលោភបំពានដ៏រីករាលដាលប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ។

លោក Shoigu បានថ្លែងថា ជំហររបស់ប្រទេសរុស្ស៊ី ទៅលើតម្រូវការបទឈប់បាញ់ និងការទប់ស្កាត់គ្រោះថ្នាក់ដល់ជនស៊ីវិល គឺច្បាស់ណាស់ និងសោកស្តាយដែលប្រទេសលោកខាងលិចមួយចំនួនបានរារាំងគំនិតផ្តួចផ្តើមរបស់រុស្ស៊ី ក្នុងការបញ្ចប់វិបត្តិនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ។

គួរបញ្ជាំក់ថា សម្រាប់ជុំចុងក្រោយនៃអំពើហិង្សារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅគ្រាដែលក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកលើអ៊ីស្រាអ៊ែល នៅភាគខាងត្បូង នៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សា។

ក្រោយមក អ៊ីស្រាអ៊ែល បានធ្វើការសងសឹកវិញជាមួយនឹងការវាយប្រហារតាមផ្លូវអាកាស និងការបិទផ្លូវដែលកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀតដល់តំបន់ហ្គាហ្សា ។

នៅក្នុងជម្លោះនេះដែរ បានសម្លាប់មនុស្សជាង៤ពាន់នាក់នៅក្នុងប្រទេសទាំង២នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top