ព័ត៌មានអន្តរជាតិ

អាមេរិក​ នឹង​បង្វែរ​គ្រាប់​កាំភ្លើងធំ ដែលទុកសម្រាប់អ៊ុយក្រែន​ មកឱ្យអ៊ីស្រាអែលវិញ

រូបភាពពី៖​ AFP

បរទេស៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ីស្រាអែល នូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្ររាប់ម៉ឺនដើម ដែលត្រូវបានទុកឱ្យសម្រាប់អ៊ុយក្រែន។ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រាប់មន្ទីរបញ្ចកោណថា ខ្លួនត្រូវការគ្រាប់ផ្លោង ដើម្បីរៀបចំសម្រាប់ការលុកលុយទៅលើតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អាមេរិក​រក្សា​ឃ្លាំង​ស្តុក​គ្រាប់​រំសេវ​នៅ​កន្លែង​មួយ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​មាន​តែ​កង​កម្លាំង​អាមេរិក​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​បាន។ កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមយកគ្រាប់ផ្លោងចេញពីរោងចក្រនេះ និងកន្លែងស្តុកទុកមួយទៀតនៅកូរ៉េខាងត្បូង ដើម្បីបំពេញតម្រូវការដ៏ធំរបស់អ៊ុយក្រែនសម្រាប់គ្រាប់រំសេវ។

មន្ត្រីអ៊ីស្រាអែលបានប្រាប់គេហទំព័រព័ត៌មានថា ពេលនេះសហរដ្ឋអាមេរិក នឹងកំពុងបំពេញឃ្លាំងស្តុកនេះឡើងវិញជាមួយនឹងគ្រាប់រំសេវពីស្តុករបស់ខ្លួនដែលបានលៃលកទុកសម្រាប់អ៊ុយក្រែន តាមសំណើផ្ទាល់របស់រដ្ឋាភិបាលអ៊ីស្រាអែល។ ក្រុមមន្ត្រីបាននិយាយថា គ្រាប់ផ្លោងនឹងមកដល់ប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

របាយការណ៍​នៃការដោះដូរនេះកើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុងប្រទេសអ៊ីស្រាអែល។ បន្ទាប់ពីលោក Biden បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង Tel Aviv ក្រោយមក លោក Benjamin Netanyahu បាននិយាយថា ប្រធានាធិបតីអាមេរិកបានសន្យាថា លោកនឹងផ្តល់កញ្ចប់ជំនួយយោធា “ដ៏ធំ ដែលមិនធ្លាប់មានពីមុនមក” ។

គេមិនច្បាស់លាស់ពីសេចក្តីថ្លែងការណ៍របស់លោក ថាតើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់សំដៅទៅលើគ្រាប់កាំភ្លើងធំឬយ៉ាងណានោះទេ៕

To Top