ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ គ្រោងយករថយន្តអគ្គិសនី មកជំនួសរថយន្តចាស់ របស់រដ្ឋាភិបាល ជាមួយនឹងបំណងប្រែក្លាយថៃ ជា​មជ្ឈមណ្ឌល​រថយន្ត​អគ្គិសនី ​ក្នុង​តំបន់​អាស៊ាន​

រូបភាព៖ Xinhua

បរទេស៖ រដ្ឋាភិបាលរបស់ថៃ គ្រោងនឹងជំនួសរថយន្តចាស់ របស់រដ្ឋាភិបាលជាមួយនឹង រថយន្តអគ្គិសនី (EVs) ដើម្បីឆ្លើយតបទៅនឹងគោលដៅជាតិ នៃការសម្រេចបាននូវ អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០, នេះបើយោងតាមប្រភពពី វិមានរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពបានឱ្យដឹងកាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានចេញលិខិតជូនដំណឹងមួយទាក់ទងនឹងផែនការលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តអគ្គិសនី (EV) របស់រដ្ឋាភិបាល រួមទាំងវិធានការផ្លាស់ប្តូរយានយន្ត តាមរយៈលេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រី។

យោងតាមបញ្ជានេះ ក្រសួងហិរញ្ញវត្ថុ និងក្រសួងថាមពល ត្រូវបានគេរំពឹងថា នឹងធ្វើការជាមួយការិយាល័យថវិកា ការិយាល័យក្រុមប្រឹក្សារដ្ឋ និងផ្នែកពាក់ព័ន្ធលើដំណើរការលទ្ធកម្ម EV ដើម្បីផ្លាស់ប្តូរយានយន្តចាស់ៗមួយចំនួនដែលអាយុកាលរថយន្តទាំងនោះនឹងបញ្ចប់ក្នុងរយៈពេលខ្លី។

បទបញ្ជានេះក៏បានរួមបញ្ចូលនូវវិធានការផ្សេងទៀតដែលលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងវិស័យសាធារណៈ ទាំង​នោះ​រួម​មាន​ការ​បញ្ជា​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ដឹក​ជញ្ជូន​ បង្កើត​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ EV រួម​មាន​រថយន្ត​ក្រុងអគ្គិសនី តាក់ស៊ីអគ្គិសនី និង​ តុកតុកអគ្គិសនី។

បទបញ្ជាដដែលក៏បានបញ្ជាឱ្យក្រសួងដឹកជញ្ជូន និងថាមពល ធ្វើការជាមួយវិស័យពាក់ព័ន្ធលើការសាងសង់ស្ថានីយ៍សាកអគ្គិសនី ក៏ដូចជាជំនួយផ្សេងទៀតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រការទាមទាររបស់អ្នកប្រើប្រាស់រថយន្តអគ្គិសនីម្នាក់ៗទូទាំងប្រទេស។

ក្រសួងដឹកជញ្ជូនរបស់ថៃត្រូវបានគេរំពឹងថានឹងធ្វើការជាមួយផ្នែកពាក់ព័ន្ធដើម្បីសិក្សា និងបង្កើតវិធានការគាំទ្រសម្រាប់អ្នកប្រើប្រាស់រថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុងដែលចង់ផ្លាស់ប្តូររថយន្តរបស់ពួកគេទៅជារថយន្តអគ្គិសនី ដូចជាការចោលយានយន្តដែលអស់អាយុកាលយូរឆ្នាំ និងការកែច្នៃគ្រឿងបន្លាស់ជាដើម។

បទបញ្ជានេះក៏បានឱ្យដឹងទៀតថា រដ្ឋាភិបាលមានផែនការគាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) ជាពិសេសការវិនិយោគលើការផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនីនៅក្នុងប្រទេស ដែលជាផ្នែកនៃគោលនយោបាយលើកទឹកចិត្តយានយន្តគ្មានការបំភាយឧស្ម័ន។ រដ្ឋាភិបាល​របស់ប្រទេសថៃ មាន​គោលបំណង​បង្កើន​ការផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​៣០%​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​មជ្ឈមណ្ឌល​រថយន្ត​អគ្គិសនី​ក្នុង​តំបន់​អាស៊ាន​៕

ប្រែសម្រួលៈ ណៃ តុលា

To Top