បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសភ្លាមៗនៅតំបន់ហ្គាហ្សាស្ទ្រីប អំឡុងពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងសារគាំទ្រ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា “អ្នកបានទទួលរងនូវអំពើភេរវកម្មដែលមិនអាចនិយាយបាន និងគួរឱ្យរន្ធត់ ហើយខ្ញុំចង់ឱ្យអ្នកដឹងថា ចក្រភពអង់គ្លេស និងខ្ញុំឈរជាមួយអ្នក” ។
ចំណែកលោក Biden បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោកទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃពុធថា លោកបានពិភាក្សាដោយស្មោះត្រង់ជាមួយមេដឹកនាំអ៊ីស្រាអែល ខណៈដែលពួកគេធ្វើការវាយប្រហារយោធាដែលបានសម្លាប់មនុស្សជាង ៣.៤០០ នាក់នៅក្នុងតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស មកលើជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់ កាលពីថ្ងៃទី ៧ ខែតុលា។
លោក Joe Biden បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “ខ្ញុំនិយាយចំៗជាមួយអ៊ីស្រាអែល”។ លោក Biden បាននិយាយថា ខណៈពេលដែលអ៊ីស្រាអែល “បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ” ប្រទេសនេះមាន “ឱកាសដើម្បីសម្រាលការឈឺចាប់” របស់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា “ដែលមិនមានកន្លែងណាដែលត្រូវទៅ”។ លោកបានបន្ថែមថា វាជាអ្វីដែលប្រទេសនេះគួរធ្វើ។
លោក Biden បាននិយាយទៀតថា ប្រទេសអេហ្ស៊ីបបានយល់ព្រមបើកព្រំដែន Rafah របស់ខ្លួនជាមួយ Gaza ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញចំនួន ២០ គ្រឿង ទទួល និងគ្រប់គ្រងដោយក្រុមអង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយ លោកក៏បានព្រមានថា ប្រសិនបើក្រុមហាម៉ាស់រារាំង ឬរឹបអូសជំនួយនោះ “វានឹងបញ្ចប់”៕ ប្រែសម្រួលៈ ណៃ តុលា