ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានបរិហារការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោក ដែលបានបណ្តាលឱ្យមានការខាតបង់សរុបជាង ១៥៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៦០ឆ្នាំ។
លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយទាក់ទងនឹងរបាយការណ៍ចុងក្រោយបំផុតស្តីពីសហរដ្ឋអាមេរិកថា “រវាងខែមីនា ឆ្នាំ ២០២២ និងខែកុម្ភៈឆ្នាំ២០២៣ ការខូចខាតពីការបិទផ្លូវមានចំនួនសរុបជាង ៤,៨ពាន់លានដុល្លារ ដែលស្មើនឹង ៤០៥ លានដុល្លារក្នុងមួយខែ ឬ ១ លានដុល្លាររៀងរាល់ពីរម៉ោងម្តង” ចំពោះការទប់ស្កាត់នេះ។
យោងតាមទិន្នន័យគុយបា ជាង ៨០ ភាគរយនៃប្រជាជនគុយបា បានកើត និងបានរស់នៅក្រោមការបិទផ្លូវរបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៦២ ហើយបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនគុយបា។
មន្ត្រីរូបនេះបានលើកឡើងថា “ការបិទផ្លូវមានផលប៉ះពាល់ដ៍សាហាវ ដោយបង្អត់ប្រទេសនៃធនធានហិរញ្ញវត្ថុ ដែលនឹងអនុញ្ញាតឱ្យវាធ្វើទំនើបកម្មនៃប្រព័ន្ធអគ្គិសនី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅថ្ងៃទី០១-០២ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ត្រូវបានគេរំពឹងថា នឹងពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់គុយបា ស្តីពីតម្រូវការ ដើម្បីបញ្ចប់ការបិទផ្លូវជាលើកទី៣១ ជាប់ៗគ្នា។
ចាប់តាំងពីឆ្នាំ១៩៩២ គុយបា បានបង្ហាញដំណោះស្រាយថ្កោលទោសការបិទផ្លូវរបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំនៅឯ UNGA ដែលត្រូវបានអនុម័តយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ។
នៅក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២២ ប្រទេសចំនួន ១៨៥ បានគាំទ្រដំណោះស្រាយគុយបា ខណៈដែលអ៊ុយក្រែន និងប្រេស៊ីលបានអនុប្បវាទ ហើយមានតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ ដែលបានបោះឆ្នោតប្រឆាំងនឹងវា៕ ប្រែសម្រួល ឈូក បូរ៉ា