ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមប្រឆាំងភេរវកម្ម របស់ប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនមនុស្ស៩នាក់ ពីបទសង្ស័យសកម្មភាព ភេរវកម្ម នៅក្នុងប្រតិបត្តិការ៣ផ្សេងគ្នា ។
លោក Ahmad Ramadhan អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់អ្នកសារព័ត៌មានថា ជនសង្ស័យចំនួន៥នាក់ត្រូវបានចាប់ខ្លួននៅកោះស៊ូម៉ាត្រាខាងត្បូង កាលពីថ្ងៃពុធ ដែលបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម Jamaah Islamiyah ហៅកាត់ (JI) ដែលមានទំនាក់ទំនង ជាមួយក្រុមភេរវកម្មរដ្ឋអ៊ីស្លាម ហៅថា (IS) ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីក្រុមប្រឆាំងភេរវកម្ម បានចាប់ខ្លួនជនសង្ស័យម្នាក់នៅ West Kalimantan និងចំនួន៤នាក់ទៀតនៅ West Nusa Tenggara ដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមក្នុងស្រុក Jamaah Ansharut Daulah ហៅកាត់ថា (JAD) ដែលមានទំនាក់ទំនងជាមួយក្រុម IS ផងដែរ ។
ក្រុម JAD បានទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើននៅក្នុងប្រជុំកោះ រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារមួយក្នុងទីក្រុង Makassar នៅលើកោះ Sulawesi កាលពីខែមីនាឆ្នាំមុន និងការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននៅព្រះវិហារនៅ East Java ក្នុង២០១៨ ដែលបានសម្លាប់ មនុស្សរាប់សិបនាក់ ហើយក្រុមនេះត្រូវបានប្រកាសថា ជាអង្គការខុសច្បាប់ក្នុងឆ្នាំ២០១៩ ។
ទន្ទឹមនឹងនេះដែរ ក្រុ JI គឺជាអ្នកនៅពីក្រោយខ្នង នៃការទម្លាក់គ្រាប់បែក មកលើកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់នៅលើកោះមួយនេះ ។
អ្នកនាំពាក្យដដែលនេះបានលើកឡើងថា ជនសង្ស័យទាំងអស់កំពុងស្ថិតក្រោម ការស៊ើបអង្កេតបន្ថែមរបស់ប៉ូលិស ៕
ដោយ៖ ម៉ៅ បុប្ផាមករា