ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប៊ែលហ្ស៊ិក ប្រកាសលាលែង ពីមុខតំណែង ក្រោយមានអំពើបាញ់ប្រហារ

EPA

ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Vincent Van Quickenborne រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក បានប្រកាសលាលែងពីតំណែង ដោយទទួលស្គាល់ថា ក្រសួងរបស់លោកបានប្រព្រឹត្តកំហុស “មិនអាចទទួលយកបាន” ទាក់ទងនឹងខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ជនជាតិស៊ុយអ៊ែត ចំនួន២នាក់ក្នុងសប្តាហ៍នេះ នៅចំកណ្តាលទីក្រុងប្រ៊ុចស៊ែល ។

នៅក្នុងសន្និសីទថ្មីមួយ លោករដ្ឋមន្ត្រីបានថ្លែងថា លោកបានរកឃើញ កំហុសនៅក្នុងប្រព័ន្ធនៃសេវាតុលាការនៅព្រឹកថ្ងៃសុក្រ ដែលបង្ហាញពីការបរាជ័យ ក្នុងការគ្រប់គ្រងព័ត៌មានទាក់ទង នឹងជនល្មើសនៃការវាយប្រហារ នៅទីក្រុងប្រ៊ុចស៊ែលកាលពីថ្ងៃចន្ទ ។

លោកបានបញ្ជាក់ថា “នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ សំណើធ្វើបត្យាប័នពីទុយនីស៊ី ត្រូវបានធ្វើឡើងសម្រាប់បុគ្គលនេះ ។ សំណើនេះត្រូវបានបញ្ជូន យ៉ាងត្រឹមត្រូវនៅថ្ងៃទី១ ខែកញ្ញា ដោយអ្នកជំនាញផ្នែកយុត្តិធម៌ទៅកាន់ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប្រ៊ុចស៊ែល ។ ប៉ុន្តែចៅក្រមមិនបានតាមដានលើសំណើធ្វើបត្យាប័ននេះនោះទេ ហើយករណីនេះមិនត្រូវបានដំណើរការនោះដែរ ។ វាគឺជាកំហុសបុគ្គល កំហុសដ៏ធំធេងមិនអាចទទួលយកបាន ជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ” ។

លោករដ្ឋមន្ត្រីបានថ្លែងថា គាត់ត្រូវតែទទួលខុសត្រូវចំពោះកំហុសដែលមិនអាចទទួលយកបានមួយនេះ ។

គួររំលឹកថា កាលពីថ្ងៃចន្ទ ជនល្មើសដែលមានដើមកំណើតទុយនីស៊ី បានសម្លាប់អ្នកគាំទ្របាល់ទាត់ស៊ុយអ៊ែតចំនួន២នាក់ និងបង្កឲ្យរបួសមនុស្សម្នាក់ ។ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលមួយយប់ គាត់ត្រូវបានប៉ូលិសបាញ់សម្លាប់កាលពីព្រឹកថ្ងៃអង្គារ ។

គេបានដឹងថា លោក Van Quickenborne ជាឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងគ្រប់គ្រងនៅតំបន់សមុទ្រខាងជើង របស់ប្រទេសប៊ែលហ្ស៊ិក តាំងពីខែតុលា ឆ្នាំ២០២០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top