ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានច្រានចោល ការចោទប្រកាន់របស់កាណាដា ដែលថាការអនុវត្តសមភាព ការទូត ដោយការស្នើឱ្យកាណាដា ដកអ្នកការទូតចំនួន ៤១នាក់ ចេញពីទីក្រុងញូវ ដែលីគឺជាការរំលោភ លើបទដ្ឋានអន្តរជាតិ។
ប្រទេសឥណ្ឌា បានស្នើឱ្យកាណាដា ដកអ្នកការទូត កាលពីពីរសប្តាហ៍ មុនចំពេលមានជម្លោះជុំវិញ ការសម្លាប់មេដឹកនាំ Sikh កាណាដា Hardeep Singh Nijjara ក្នុងខែមិថុនាឆ្នាំនេះ ដោយកាណាដាបានបន្ទោសឥណ្ឌាចំៗ ចំពោះឃាតកម្មនេះ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានបញ្ជាក់ថា អ្នកការទូតកាណាដាជាច្រើននាក់ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា បានចាកចេញពីប្រទេសហើយ។
លោកស្រីបានបន្ថែមថា ប្រទេសឥណ្ឌាបាននិយាយថា អភ័យឯកសិទ្ធិសម្រាប់អ្នកការទូត និងអ្នកនៅក្នុងបន្ទុករបស់កាណាដាចំនួន ២១នាក់នឹងត្រូវបានដកចេញជាឯកតោភាគីនៅថ្ងៃទី២០ ខែតុលា។
លោកស្រី Joly ក៏បានចោទប្រកាន់ឥណ្ឌាពីការបង្កើនភាពតានតឹងទ្វេភាគីដោយការប្រព្រឹត្តផ្ទុយនឹងច្បាប់អន្តរជាតិ និងរំលោភលើអនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។ យ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា កាណាដា នឹងមិនសងសឹកឡើយ។
ជាប្រតិកម្មចំពោះការចោទប្រកាន់របស់លោកស្រី Joly ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “យើងបានឃើញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាណាដាកាលពីថ្ងៃទី១៩ ខែតុលា ទាក់ទងនឹងវត្តមានការទូតកាណាដា នៅក្នុងប្រទេសឥណ្ឌា។ យើងបដិសេធរាល់ការប៉ុនប៉ង ដើម្បីបង្ហាញពីការអនុវត្តភាពស្មើគ្នា រំលោភលើបទដ្ឋានអន្តរជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា
រូបភាព៖Afp