ព័ត៌មានអន្តរជាតិ

ក្រុមប្រទេស នៅមជ្ឈឹមបូព៍ា អាចនឹងកាត់បន្ថយ ការផ្គត់ផ្គង់ប្រេង ដោយសារបញ្ហាជម្លោះ ក្រុមហាម៉ាស

រូបភាព៖Afp

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani តាមសេចក្តីរាយការណ៍ បានព្រមានថា ការផ្គត់ផ្គង់ប្រេង នៅមជ្ឈិមបូព៌ា ទៅកាន់ទីផ្សារអន្តរជាតិ អាចនឹងត្រូវបានរំខាន ប្រសិនបើសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កើនឡើងដល់កម្រិត ដែលពាក់ព័ន្ធនឹងប្រទេសផ្សេងទៀត នៅក្នុងតំបន់។

យោងតាមការចេញផ្សាយ របស់ RT លោកal-Sudani ដែលបាននិយាយកាលពីថ្ងៃសៅរ៍ នៅឯកិច្ចប្រជុំកំពូលសន្តិភាព នៅទីក្រុងគែរ បានបញ្ជាក់ថា៖ ជម្លោះនេះនឹង ប៉ះពាល់ដល់សន្តិសុខពិភពលោក បង្កើនជម្លោះក្នុងតំបន់ ធ្វើឱ្យមានហានិភ័យ ដល់ការផ្គត់ផ្គង់ថាមពល ធ្វើឱ្យវិបត្តិសេដ្ឋកិច្ច កាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យមានជម្លោះ បន្ថែមទៀត។

លោក Al Sudani ក៏បានអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការដោះដូរអ្នកទោស ដើម្បីបញ្ចប់ការបង្ហូរឈាមរវាងគ្នាផងដែរ។

បន្ថែមលើសពីនោះ លោកបានប្រឆាំងនឹង ការនាំជនស៊ីវិល ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ដោយនិយាយថា ប៉ាឡេស្ទីនគ្មានកន្លែងផ្សេងទៀតក្រៅពីទឹកដីរបស់ពួកគេទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top