រ៉ាហ្វា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ពលរដ្ឋប៉ាឡេស្ទីន ជាច្រើននាក់ ត្រូវបានសម្លាប់ នៅកណ្តាលតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានបង្កើនការវាយប្រហារ របស់ខ្លួន មកលើតំបន់ដែលហែកហួរ ដោយសង្រ្គាម ហើយក្បួនរថយន្តជំនួយចំនួន១៧គ្រឿង ផ្សេងទៀត បានមកដល់ ខណៈដែលទឹកដីដែលគ្រប់គ្រង ដោយក្រុមហាម៉ាស ប្រឈមនឹងការខ្វះខាត ដែលនេះជា “មហន្តរាយ” ដ៏ធំ ។
អំពើហឹង្សាដែលកំពុងផ្ទុះឡើង ដោយមិនមានការត្រួតពិនិត្យ ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា តំបន់នេះអាច “ចេញពីការគ្រប់គ្រង”ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានចេញការព្រមាន យ៉ាងម៉ឺងម៉ាត់ ទៅកាន់ក្រុម Hezbollah របស់ប្រទេសលីបង់ ដោយបានថ្លែងយ៉ាងដូច្នេះថា ការចូលរួមនឹងក្លាយជា “កំហុសដ៏ធំបំផុតសម្រាប់ឆាកជីវិត” នេះ ។
ចំណែកក្រុងវ៉ាស៊ីនតោនវិញ បានព្រមានដល់រដ្ឋបណ្តាទាំងឡាយណា ដែលចង់បង្កជម្លោះថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាព ក្នុងករណីមាន “ការកើនឡើង” ណាមួយឡើយ ។
មន្ត្រីអ៊ីស្រាអ៊ែលបានដឹងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានសម្រុកឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានបើកការវាយឆ្មក់ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយត្រូវបានបាញ់សម្លាប់ កាត់ក្បាល ឬដុតរហូតដល់ស្លាប់នៅថ្ងៃដំបូង ៕
ដោយ៖ ម៉ៅ បុប្ផាមករា